/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/5cf887faa3603_1559791560_medium.jpg)
- 2019-06-05 20:30:12
- ព័ត៌មាន
ឈប់ហៅអូនថា ផ្ការំដួលទៀតទៅ
- 2019-06-05 20:30:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ហៅអូនថា ផ្ការំដួលទៀតទៅ
ចន្លោះមិនឃើញ
ចាស់ខ្មែរបុរាណចូលចិត្តណាស់ ប្រៀបធៀបស្រីៗទៅនឹងផ្ការំដួល (ហើយមិនមែននិយាយចំអកហៅគ្នារំដួលៗលេងដូចយើងទេ គាត់ពិតជាជឿថាស្រីសមនឹងក្លាយជាផ្ការំដួលតែម្តង!) នោះក៏ដោយសារ ផ្កាហ្នឹងវាក្រអូបឈ្ងុយឈ្ងប់ គួរជាទីចាប់អារម្មណ៍ ទាក់ចិត្តឲ្យគេឯងស្រឡាញ់គ្រប់គ្នា។
តែបើធ្វើយ៉ាងនេះ ហាក់ដូចជាថ្លឹងតម្លៃស្រីៗ ដោយប្រើតែជញ្ជីងភ្នែកអ្នកក្រៅប៉ុណ្ណោះ។ បើស្អាត បើចរិតត្រូវចិត្តគេ ក៏គេស្រឡាញ់ ហើយស្រីនោះមានតម្លៃបើមិនស្អាត មិនបង្គាប់បម្រើតាមចិត្តគេចង់ ក៏គេស្អប់ នោះបានន័យថាស្រីនោះអស់តម្លៃ មិនសមជាផ្ការំដួលឡើយ…
ខ្ញុំហៅទម្លាប់ដែលដាក់តម្លៃខ្លួនលើការយល់ឃើញរបស់អ្នកដទៃនេះថា រោគសញ្ញាផ្ការំដួល។ ដោយសាររោគនេះហើយនាំឲ្យអ្នកខ្លះព្យាយាមវះកាត់ សម្រករាង កែមុខ អ្នកខ្លះខឹងគេ ក៏ខាំមាត់សង្កត់ចិត្ត មិនហ៊ាននិយាយ ដោយខ្លាចគេស្អប់ គេឈប់ហិត។ បើមិនអញ្ចឹងទេ អ្នកខ្លះទៀតក៏បង្ខំខ្លួនឲ្យកែពុតចរិក ឲ្យសមនឹងអ្វីដែលគេចង់បាន ទោះខ្លួនគិតចង់ធ្វើអ្វីផ្សេងពីហ្នឹងក៏ដោយ…
អ្នកដែលគ្មានរោគនេះវិញ គេឲ្យតម្លៃខ្លួនឯង ដោយមិនចាំបាច់ទទួលបានសេចក្តីស្ងើចសរសើរពីអ្នកក្រៅ ក្តីស្រឡាញ់ពីនរណាគេទេ។ គាត់ដឹងថាក្រៅពីសំបករូបរាងខាងក្រៅ គាត់មានដៃ មានជើង មានបញ្ញា និងចិត្ត។ គាត់អាចឲ្យតម្លៃខ្លួនបានតាមរយៈថ្វីដៃ ចរិក និងអាកប្បកិរិយាគាត់ តាមរយៈពាក្យសម្តី បញ្ញា និងស្មារតីគាត់… អ្នកណាមិនចូលចិត្តក្លិនគាត់ក៏អត់ទៅ គាត់នៅមានអត្ថប្រយោជន៍ជាច្រើនក្រែលទៀត គាត់នៅតែមានតម្លៃជានិច្ច។
បើប្រៀបធៀបទៅ មនុស្សបែបហ្នឹងមិនត្រឹមតែជាផ្កានោះទេ គាត់ជាដើមរំដួលទាំងមូលតែម្តង ទាំងឬស ទាំងមែក និងធាង! ទោះមានអ្នកខ្លះមិនចូលចិត្តផ្កាគាត់ក្តី ក៏គាត់មិនភ័យមិនស្លន់ ដោយសារគាត់នៅមានតម្លៃ ដោយសំបករំដួលអាចយកធ្វើថ្នាំក្តៅខ្លួន ឈើរំដួលវិញ អាចច្នៃចេញជាគ្រឿងសង្ហារឹមក៏បាន។
សម្រាប់ខ្ញុំ សុខចិត្តឲ្យគេយកទៅធ្វើអុស ក៏គិតថាខ្លួនមានតម្លៃជាងក្លិនផ្កាដែរ។ ក្លិន… ថ្ងៃណាមួយគេណាយចិត្ត គេកើតអាលាក់ហ្ស៊ីអីទៅ យើងលែងមានតម្លៃសម្រាប់គេហើយ។ តែរឿងអុសវិញ គង់មានគេត្រូវការយើងជាមិនខាន! អ្នកខ្លះត្រូវបង្ខំចិត្តឲ្យតម្លៃយើងជាអុសទៀត ដោយសារយើងឆាបឆេះបាន ទោះគេមិនចូលចិត្តរូបរាងឬចរិកយើងក៏ដោយ!