• 2020-04-09 03:37:41
  • ព័ត៌មាន

រាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា៣ចំណុច ដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស គោលដៅទប់ស្កាត់ការរាលដាលជំងឺកូវីដ

  • 2020-04-09 03:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជា ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ បទបញ្ជានេះ ធ្វើឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចុះកាលបរិច្ឆេតថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន ​ថ្លៃងក្នុងសន្និសីទសារព័ត៌មានកាលពីកន្លងទៅ

តាមរយៈបទបញ្ជា បានដាក់ចេញនូវវិធានការណ៍ចំនួន បីចំណុច

១. ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមាន ការធ្វើដំណើរឆ្លងកាត់ចេញ ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត។

២. ការហាមឃាត់នេះ ត្រូវបានលើកលែងចំពោះ៖

  • ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក

  • រថយន្ត និងមធ្យោបាយធ្វើដំណើរ របស់មន្រ្តីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន

  • រថយន្ត និងមធ្យបបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន

  • រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន

  • រថយន្តពន្លត់អគ្គីភ័យ

  • រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់

  • ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

  • ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខាភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឲ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ។

៣. បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

សូមអានសេចក្ដីប្រកាសពិស្ដារខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម