• 2021-05-18 20:24:39
  • ព័ត៌មាន

បកស្រាយការពិត រឿងដែលគេល្បីថាពលរដ្ឋឥណ្ឌាបោះចោលព្រះ​ ព្រោះមិនអាចជួយឱ្យចៀសផុតពីកូវីដ

  • 2021-05-18 20:24:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពជាច្រើនសន្លឹកត្រូវបានគេចែកចាយពេញប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ជារូបព្រះក្នុងសាសនាហិណ្ឌូ ដែលគេបោះចោលនៅតាមដងផ្លូវ។ ភ្លាមៗនោះ សារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានចេញបកស្រាយថា តាមការពិតរូបព្រះទាំងនោះ មិនមែនគេបោះចោលទេ ប៉ុន្តែគឺជារូបព្រះ ដែលពលរដ្ឋឥណ្ឌានាំគ្នាយកទៅបណ្តែតតាមទន្លេដើម្បីធ្វើការបួងសួងតាមបែបសាសនា។

តាមការបញ្ជាក់ពីសារព័ត៌មាន India Today បានឱ្យដឹងថា រូបភាពព្រះដែលឃើញរប៉ាត់រប៉ាយនៅពាសពេញផ្លូវ គឺជារូបព្រះដែលនៅសល់បន្ទាប់ពីពលរដ្ឋយកទៅធ្វើការបួងសូងនៅក្នុងទន្លេ។ បន្ទាប់ពីពិធីបួងសួងចប់ទៅ រូបព្រះបានអណ្តែតស្អេកស្កះនៅពេញផ្ទៃទឹកទន្លេ ទើបបានជាអាជ្ញាធរ ចាំបាច់ត្រូវតែធ្វើការប្រមូលចេញពីទន្លេ ដើម្បីរក្សាទឹកទន្លេឱ្យនៅស្អាត និង មានអនាម័យ។

ការបកស្រាយនេះ ជាការឆ្លើយតបទៅនឹងការលើកឡើងថា ប្រជាជនឥណ្ឌា នាំគ្នាយកព្រះទៅបោះចោល ឈប់គោរពបួងសួង ព្រោះមិនអាចជួយការពារពីវីរុសកួវីដ១៩។ យ៉ាងណាមិញ ព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានផ្សាយហើយថា ការលើកឡើងនេះជាការយល់ច្រឡំ ដោយប្រជាជនឥណ្ឌានៅតែបន្តគោរពព្រះតាមបែបសាសនាហិណ្ឌូ៕

ប្រភព៖ indiatoday ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម