
- 2021-09-13 02:31:07
- ព័ត៌មាន
តិចអត់ដឹង! ចេកមួយប្រភេទនេះ ជាផ្លែឈើនិមិត្តរូប និងអត្តសញ្ញាណមួយនៃព្រះរាជាណាចក្រកម្ពុជា
- 2021-09-13 02:31:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង! ចេកមួយប្រភេទនេះ ជាផ្លែឈើនិមិត្តរូប និងអត្តសញ្ញាណមួយនៃព្រះរាជាណាចក្រកម្ពុជា
ចន្លោះមិនឃើញ
រាប់សតវត្សរ៍មកហើយ ចេកពងមាន់ តែងតែផ្សារភ្ជាប់ទៅនឹងជីវភាព ប្រជាពលរដ្ឋខ្មែរជានិច្ច ទោះយ៉ាងណា គេឃើញប្រជាជនខ្មែរ ប្រើប្រាស់ចេកសម្រាប់បរិភោគ ធ្វើជាបង្អែម អាចធ្វើជាម្ហូប ធ្វើខ្សែ ធ្វើជាកញ្ចប់ និងសម្ភារ ផ្សេងៗ សម្រាប់តាំងលម្អ យានជំនិះជាដើម ។
យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ បានបង្ហាញថា ចេកពងមាន់ ត្រូវបានកំណត់ជារុក្ខជាតិ តំណាងឱ្យប្រទេសកម្ពុជា។ ហើយក្នុងនោះ រុក្ខជាតិអត្តសញ្ញាណជាតិមួយនេះ ក៏ត្រូវបានទទួលការការពារ និងអភិរក្សផងដែរ ពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ចេកពងមាន់ត្រូវបានប្រទេសកម្ពុជា ចាត់ទុកជារុក្ខជាតិ តំណាងឱ្យអត្តសញ្ញាណជាតិមួយ ក្នុងចំណោមរុក្ខជាតិអត្តសញ្ញាណ ដ៏មានតម្លៃ និងផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនដល់សង្គម ដូចជា ដើមត្នោត និងផ្ការំដួល ។ តាមរយៈនៃការកំណត់យក ចេកពងមាន់ ធ្វើជានិមិត្តរូបជាតិ ក៏ដោយសារតែរុក្ខជាតិមួយនេះ បានផ្តល់នូវអត្ថប្រយោជន៍ យ៉ាងច្រើនដល់សង្គមកម្ពុជា ហើយក៏ចង់បង្ហាញពីសម្បត្តិវប្បធម៌ធម្មជាតិ ដ៏មានតម្លៃរបស់ខ្លួនផងដែរ ។
ចេកពងមាន់ គឺជាឈ្មោះភាសាជាតិ និងមានឈ្មោះវិទ្យាសាស្ត្រថា “ Musa aromatic” និងមានឈ្មោះ ជាភាសាអង់គ្លេស “Chicken-Egg Banana”។ ប្រភេទចេកនេះ ត្រូវបានគេនិយមចូលចិត្តបរិភោគ និងប្រើប្រាស់ជាទូទៅ ដោយប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ។
ចេកពងមាន់ ភាគច្រើន ត្រូវបានគេនិយមដាំ នៅតាមដីសណ្តទន្លេមេគង្គ ជាពិសេសនៅតាមតំបន់កោះដុះថ្មី។ ជាប្រភេទរុក្ខជាតិ ប្រជាប្រិយ ដែលប្រជាជនខ្មែរ និយមដាំដុះ នៅក្នុងអំឡុងខែមិថុនា និងខែកក្កដា។ គេត្រូវចំណាយពេលវេលា រហូតដល់ទៅ ៥ ឬ ៦ខែ ឯណោះ ទម្រាំបានផល ចេកអត្តសញ្ញាណជាតិមួយនេះ ត្រូវបានគេដាំ នៅកម្ពុជា ជាយូរលង់ណាស់មកហើយ៕