
- 2021-10-18 19:12:45
- ព័ត៌មាន
មិនភ័យផុងខ្លួនជំពាក់គេវ័នក! គោលដៅកម្ចី ៥ប្រភេទល្អបំផុត អាចនាំឲ្យគ្រួសារមានភាពរីកចម្រើន
- 2021-10-18 19:12:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនភ័យផុងខ្លួនជំពាក់គេវ័នក! គោលដៅកម្ចី ៥ប្រភេទល្អបំផុត អាចនាំឲ្យគ្រួសារមានភាពរីកចម្រើន
ចន្លោះមិនឃើញ
ជាការពិតការខ្ចីលុយពីធនាគារ ដោយខ្វះការវិភាគពីហានិភ័យ និងគោលដៅច្បាស់លាស់អាចនាំឱ្យមានបញ្ហាក្នុងជីវភាពរស់នៅ ប៉ុន្តែបើខ្ចីចំគោលដៅ យកទៅប្រើប្រាស់ដើម្បីភាពរីកចម្រើនក្នុងគ្រួសារនោះគឺជាកម្ចីល្អ។ ខាងក្រោមនេះជាការលើកឡើងរបស់ លោកសាស្ត្រាចារ្យ វេង ហៀង បង្រៀនផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យឯកជនមួយ ពីប្រភេទកម្ចីល្អបំផុតសម្រាប់គ្រួសារ៖
១. កម្ចីបង្កើនដើមទុន
សាស្ត្រាចារ្យបណ្ឌិតផ្នែកសេដ្ឋកិច្ច វេង ហៀង បានប្រាប់ថា កម្ចីប្រភេទនេះទោះបីប្រឈមហានិភ័យខ្លះមែនប៉ុន្តែជាកម្ចីមានផលល្អ។ កម្ចីបង្កើនដើមទុននេះសំដៅថា អ្នកខ្ចីលុយពីធនាគារមានដើមទុនខ្លួនឯងខ្លះហើយនៅក្នុងដៃ ដើម្បីបង្កើតអាជីវកម្មមួយដែលបានរៀបចំផែនការច្បាស់លាស់រួចហើយ ប៉ុន្តែនៅខ្វះដើមទុនបន្ថែមទៀត មិនមែនខ្ចីទាំងស្រុងឡើយ។ ដូច្នេះជម្រើសល្អមួយ គឺត្រូវខ្ចីលុយបន្ថែមពីធនាគារ ចំណែកធនាគារក៏មានទំនុកចិត្តផ្ដល់កម្ចីទៅអតិថិជននោះដែរ។ យ៉ាងណាក្ដីអ្នកខ្ចីត្រូវធានាថា ពិតជាមានទុនបម្រុងសម្រាប់ទ្រទ្រង់ការខាតបង់រយៈពេលវែង ពេលដំណើរការអាជីវកម្ម និងអាចមានលទ្ធភាពគ្រប់គ្រាន់សងត្រឡប់ទៅធនាគារ។
២.កម្ចីពង្រីកមុខរបរដែលមានស្រាប់
លោកសាស្ត្រាចារ្យ វេង ហៀង លើកឡើងទៀតថា កម្ចីប្រភេទនេះ មានលក្ខណៈស្រដៀងកម្ចីខាងលើដែរ តែខុសគ្នាត្រង់ថា មួយខ្ចីដើម្បីបើកអាជីវកម្ម និងមួយខ្ចីដើម្បីពង្រីកអាជីវកម្ម។ ប្រភេទកម្ចីនេះនឹងជួយឱ្យអាជីវកម្មគ្រួសារកាន់រីកដុះដាល និងមានភាពរីកចម្រើន។ ប្រជាពលរដ្ឋដែលមានការយល់ដឹងច្បាស់លាស់ពីការខ្ចីតែងប្រើវិធីសាស្ត្រនេះ ពង្រីកអាជីវកម្មដែលមានស្រាប់ ហើយខ្ចីក្នុងកម្រិតតិចតួចមិនមែនរាប់ពាន់ដុល្លារទេ។ ឧទាហរណ៍ថា គ្រួសារមួយមានកសិដ្ឋានចិញ្ចឹមជ្រូកលក់ តែខ្វះបារដើម្បីបង្កាត់ពូជ។ ដូច្នេះដើម្បីបង្កើនបារជ្រូក គេត្រូវខ្ចីលុយពីធនាគារ ដើម្បីទិញជ្រូកដាក់បន្ថែម នៅពេលលក់ជ្រូកដាច់ អាចសងត្រឡប់ទៅកាន់ធនាគារវិញ។
៣. កម្ចីទិញផ្ទះ២នាក់ប្ដីប្រពន្ធ
ខ្ចីលុយ ដើម្បីទិញផ្ទះអាចប្រឈមហានិភ័យច្រើន ប្រសិនប្រាក់ចំណូលនៅកម្រិតមធ្យម។ ប៉ុន្តែប្រសិនបើពីរនាក់ប្ដីប្រពន្ធធ្វើការទាំងពីរនាក់ អាចរកចំណូលបានលើសពី ៨០០ដុល្លារក្នុងមួយខែអាចខ្ចីលុយពីធនាគារដើម្បីទិញផ្ទះបាន បើមិនជ្រើសរើសវិធីរំលស់។ សាស្ត្រាចារ្យ វេង ហៀង ប្រាប់ថា ធនាគារភាគច្រើនអាចផ្ដល់កម្ចីត្រឹម ៧០%នៃតម្លៃផ្ទះ ចំណែក៣០%ទៀតត្រូវកក់ឱ្យម្ចាស់ផ្ទះ។ ដូច្នេះក្នុងមួយខែ អាចត្រូវចំណាយខ្ទង់ ៣០០ ឬ៤០០ដុល្លារបង់ឱ្យធនាគារក្នុងកាលកំណត់ណាមួយ។
កម្ចីប្រភេទនេះជួយឱ្យពីរនាក់ប្ដីប្រពន្ធឆាប់មានផ្ទះនៅផ្ទាល់ខ្លួន តែត្រូវធានាថា លុយដើម្បីសងទៅធនាគារ គឺសល់ពីការចំណាយចាំបាច់ប្រចាំថ្ងៃ ប្រសិនបើវិភាគឃើញថា បង់ឱ្យធនាគារហើយការចាយវាយនៅខ្វះខាតសូមកុំប្រថុយ ព្រោះមានកត្តាផ្សេងទៀតត្រូវគិតឱ្យច្បាស់ដូចជាលុយទុកព្យាបាលជំងឺជាដើម។
៤. កម្ចីក្នុងថ្លៃឱកាស
កម្ចីប្រភេទនេះ សំដៅដល់ការខ្ចីលុយពីធនាគារ ដើម្បីចាប់យកឱកាសល្អណាមួយហក់ចូលក្នុងទីផ្សារដូចជា ការទិញប័ណ្ណភាគហ៊ុនពីរដ្ឋាករទឹក ការសេងហាងបន្ត ឬចូលភាគហ៊ុនជាមួយក្រុមហ៊ុនណាមួយ។ កម្ចីប្រភេទនេះទាមទារឱ្យអ្នកខ្ចីមានចំណេះដឹងគ្រប់គ្រាន់ផ្នែកសេដ្ឋកិច្ច មានគំនិតជាសហគ្រិនភាព មានលុយច្រើនក្នុងដៃ និងមានប្រាក់ចំណូលថេរ។ ដោយហេតុថា ការឈានជើងរកស៊ីមិនអាចធានាជោគជ័យ១០០%នោះទេ ហើយត្រូវរង់ចាំពេលវេលាក្នុងរយៈពេលវែង។
ដូច្នេះហើយត្រូវសិក្សាឱ្យបានច្បាស់លាស់ វិភាគពីហានិភ័យឱ្យគ្រប់ជ្រុងជ្រោយ។ ប្រសិនបើការខ្ចីលុយនោះយកទៅប្រើចំគោលដៅ និងមានគោលការណ៍ច្បាស់លាស់ កម្ចីប្រភេទនេះអាចឱ្យជោគជ័យដោយនឹកស្មានមិនដល់។ សាស្ត្រាចារ្យបណ្ឌិត វេង ហៀង បន្ថែម។
៥.កម្ចីរយៈពេលខ្លី
កម្ចីរយៈពេលខ្លីនេះ សំដៅដល់ការខ្ចីលុយពីធនាគារ ដើម្បីបង្វិលដើមទុន ឬកែច្នៃបន្ថែមបន្ថយ ក្នុងអាជីវកម្ម ដើម្បីឱ្យមានភាពទាក់ទាញ កាន់តែរីកចម្រើន។ អ្នកខ្ចីលុយប្រភេទនេះភាគច្រើនគឺមានលុយខ្លួនឯងហើយ ប៉ុន្តែលុយនោះអាចនៅជាប់អតិថិជន ឬយកទៅប្រើលើអ្វីដែលចាំបាច់សិន។ ដូច្នេះអាចខ្វះលុយបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីថែមថយ ចាំបាច់ត្រូវការខ្ចីលុយក្នុងការជួសជុល កែច្នៃក្នុងរយៈពេលខ្លីណាមួយ។ ក្រោយរកលុយបានមកវិញ អាចបង្វិលទៅធនាគារដោយមិនមានបញ្ហា៕