• 2021-10-26 23:42:37
  • ព័ត៌មាន

កាន់តែងាយស្រួល! មេគង្គ លែន សហការជាមួយ ធនាគារ ប្រេដ ដើម្បីផ្តល់កម្ចីទិញគេហដ្ឋានដល់អតិថិជន

  • 2021-10-26 23:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក (Mekong Land Development Co., Ltd.) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) (BRED Bank Cambodia) បានសម្រេចចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដើម្បីផ្តល់ជាកម្ចីហិរញ្ញប្បទាន ក្នុងការទិញផ្ទះជូនអតិថិជនរហូតដល់ទៅ ៨០% និងអាចរំលស់រហូតដល់ ២០ឆ្នាំ ជាមួយនឹងការប្រាក់ទាបបំផុតត្រឹមតែ ៦.៦៦% តែប៉ុណ្ណោះនៅក្នុងឆ្នាំទីមួយ។

ពិធីចុះកិច្ចសហប្រតិបត្តិការនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្ដាលរបស់ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ក្រោមអធិបតីភាពរបស់ លោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និង លោក Guillaume Perdon នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផ្ទាល់ លោក Guillaume Perdon នាយកប្រតិបត្តិនៃធនាគារ ប្រេដ ប៊ែង (ខេមបូឌា) បានមានប្រសាសន៍ថា៖ «ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះភាពជាដៃគូលើ ហិរញ្ញប្បទានផ្ទះជាមួយក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.កក្រោមលក្ខខណ្ឌពិសេសបំផុតដល់អតិថិជន»។

លោកបានបន្តថា៖ «យើងបាន សម្រិតសម្រាំងជ្រើសរើសក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីធ្វើជាដៃគូហិរញ្ញប្បទានផ្ទះរបស់យើងខ្ញុំ។ ដោយមើលឃើញថា ក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក ជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏រឹងមាំ តាមរយៈស្ថាបត្យកម្ម គុណភាពសំណង់ ដែលមានទីតាំង និងបរិយាកាសល្អ ដើម្បីបំពេញតម្រូវការ និងលក្ខខណ្ឌរស់នៅដ៏ស៊ីវិល័យរបស់ អតិថិជន។ ខ្ញុំជឿជាក់ថាភាពជាដៃគូនេះនឹងនាំមកជូនយើងទាំងអស់គ្នានូវអត្ថប្រយោជន៍សម្រាប់ទាំងធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ទាំងក្រុមហ៊ុន មេគង្គ លែន ឌីវេឡុបម៉ិន ឯ.ក និងអតិថិជន»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាព ឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ៦អា៕

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម