• 2021-12-12 22:18:00
  • ព័ត៌មាន

មិនលំៗទេ! មកដឹងចំណុចពិសេសៗ ទាំង១០ពីផ្លូវល្បឿនលឿនទំនើបស្តង់ដាបំផុតនៅកម្ពុជា

  • 2021-12-12 22:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ប្រវែងសរុបជាង ១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណជាង៧០ភាគរយហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ផ្លូវ High Way មួយខ្សែដ៏ថ្មីសន្លាង ជាសមិទ្ធផលដ៏អស្ចារ្យរបស់កម្ពុជាមួយនេះ មានលក្ខណៈពិសេសៗជាច្រើន ដែលអ្នកទាំងអស់គ្នា អាចមិនធ្លាប់ដឹង ។ ក្នុងនោះមានដូចជា៖

១. គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

២. បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ។

៣. សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វ ២៨ កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន ២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។

៤. សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់ ៩ កន្លែង។

៥. ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង ០,៧៥ម៉ែត្រសងខាង។

៦. មានការសាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប ៦០១៥ម៉ែត្រ។

៧. ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ។

៨. គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

៩. ផ្លូវល្បឿនលឿនមានយានជំនិះធ្វើដំណើរជិត100km/h មិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។

១០. ពុំមានការលក់ដូរតាមដងផ្លូវ ឬ ឈប់សម្រាកផ្ដេសផ្ដាស់ឡើយ ដោយក្រុមការងារសាងសង់ផ្លូវបានរៀបចំតំបន់ផ្ដល់សេវា៣កន្លែង ក្នុងនោះមានកន្លែងឈប់សម្រាក មានស្ថានីប្រេង និងអាហារដ្ឋានជាដើម ដើម្បីសម្រួលដល់អ្នកធ្វើដំណើរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម