• 2021-12-13 20:35:00
  • ព័ត៌មាន

អបអរសាទរ! ថ្ងៃនេះគឺជាខួបគម្រប់២៩ឆ្នាំ នៃការចុះបញ្ជីតំបន់អង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ

  • 2021-12-13 20:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១នេះគឺជាខួបគម្រប់២៩ឆ្នាំ)នៃរមណីយដ្ឋានតំបន់អង្គរត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអង្គការយូណេស្កូ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិច(១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២១ ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

តំបន់រមណីយដ្ឋានអង្គរលាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០ គីឡូម៉ែត្រក្រឡា ដែលមានប្រាង្គប្រាសាទបុរាណខ្មែរស្ថាបត្យកម្មដ៏មហិមាអស្ចារ្យ ជាច្រើនរាប់រយ បូករួមបញ្ចូលទាំងព្រៃឈើចម្រុះនៅជុំវិញផងដែរ។ តំបន់ប្រវត្តិសាស្ត្រនេះជាទីតាំងនៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបាយ័នដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា លើសពីនេះទៅទៀតតំបន់អង្គរក៏បានឆ្លុះបញ្ចាំងអំពីជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនា ក៏ដូចជា សិល្បៈដែលបានចារតាមរយ: ប្រាង្គប្រាសាទ រចនាបថ សិលាចារឹកដែលបង្ហាញឲ្យឃើញអំពីវិសាលភាព ភាពរីកចម្រើន នៃវប្បធម៌ អរិយធម៌ខ្មែរដ៏ល្អផូផង់តាំងពីយូរលង់ណាស់មកហើយ។

គួរបញ្ជាក់ផងដែរថា ការដាក់តំបន់អង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករអង្គការយូណេស្កូ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ដែលមានផ្ទៃដីប្រមាណ ៤០០ គីឡូម៉ែត្រក្រឡា ដែលជាដួងព្រលឹងជាតិសម្រាប់ប្រជាជនកម្ពុជាទាំងមូល ហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក នៅក្នុងកិច្ចប្រជុំគណ:កម្មការបេតិកភណ្ឌពិភពលោកលើកទី១៦ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម