/61f103254a1c7_1643184900_medium.jpg)
- 2022-01-26 01:25:00
- ព័ត៌មាន
អស្ចារ្យណាស់! ក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម(ឌូបៃ)កំពុងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វិនិយោគលើកម្ពុជា
- 2022-01-26 01:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! ក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម(ឌូបៃ)កំពុងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វិនិយោគលើកម្ពុជា
ចន្លោះមិនឃើញ
ក្នុងឱកាសចូលរួមពិធីប្រារព្ធទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម នៅទីក្រុងឌូបៃ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយភាគីសហភាពអារ៉ាប់រួម ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម ដើម្បីពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងជំរុញលើឱកាសវិនិយោគរវាងប្រទេសទាំងពីរ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម ឯកឧត្តមបណ្ឌិត ថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌីបានស្នើឱ្យភាគីកម្ពុជាជួយផ្តល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត ជាពិសេស ឯកឧត្តមបណ្ឌិតចង់ឱ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ ដូចដែលសហភាពអារ៉ាប់រួមបានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមួយចំនួនកន្លងមក ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។
ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនភាគីសហភាពអារ៉ាប់រួមថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន មានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើនដែលកំពុងអភិវឌ្ឍដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ ។ល។ ដែលសហភាពអារ៉ាប់រួមអាចមកធ្វើការវិនិយោគនៅកម្ពុជាបាន។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េ ហើយក៏កំពុងបន្តសិក្សាលើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗមានជាអាទិ៍ ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា អង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានឯកភាពជាមួយភាគីសហភាពអារ៉ាប់រួម ចំពោះការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។ គណៈប្រតិភូរបស់ប្រទេសទាំងពីរ បានឯកភាពគ្នាថានឹងអញ្ជើញគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នាលើវិស័យសក្តានុពលនានា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរនាថ្ងៃអនាគត៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម