• 2022-02-09 21:45:00
  • ព័ត៌មាន

ជួយទិញគាត់ផង! ល្បីគេដាំប៉េងបោះលក់បានថ្លៃ ដល់ពេលប្រមូលផល ១គីឡូ១២០០៛ លក់មិនចេញសល់ ពេញចម្ការ

  • 2022-02-09 21:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណាំប៉េងប៉ោះតូចៗ ឬហៅប៉េងប៉ោះឆឺរី រាប់សិបតោនរបស់កសិករម្នាក់នៅខេត្តបាត់ដំបង កំពុងប្រឈមនឹងការខូចខាតជាខ្លាំង ក្នុងរដូវប្រមូលផលគ្មានអ្នកទិញពិបាកលក់គ្មានទីផ្សារ ខណៈផ្គត់ផ្គង់ទីផ្សារបានតិចតួចបំផុតបើធៀបនឹងចំនួនផលិតផល រីឯតម្លៃគឺចុះថោកខុសពីការរំពឹងទុក កសិករអំពាវនាវឲ្យពលរដ្ឋជួយទិញប៉េងប៉ោះ និងសុំឲ្យអាជ្ញាធរជួយរកទីផ្សារឲ្យផង។

គណនីហ្វេសប៊ុកមួយឈ្មោះ Samnang Pep បានបង្ហោះថា «ពេលវេលាមិនសក្តិសម ផ្លែឡើងបាក់ទ្រើងអស់ហើយ ត្រូវការដៃគូរកែច្នៃបន្ទាន់មានច្រើនសិបតោន» ។ សំណេរបង្ហោះនៅលើគណនីហ្វេសប៊ុកនេះ គឺជាការត្អូញត្អែររបស់ប្រជាកសិករម្នាក់ រស់នៅក្នុងខេត្តបាត់ដំបង ទីតាំងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ។ ដោយដំណាំប៉េងប៉ោះតូចៗរបស់លោកត្រូវលក់ខាតជាងមុនទ្វេរដង ហើយពិបាកក្នុងការរកទីផ្សារថែមទៀតផង។

បើតាមលោកស្រី សុខឃាន ជាម្ចាស់ចម្ការប៉េងបោះ ខាងលើបានប្រាប់ Sabay ឲ្យដឹងថា ល្បីគេដាំប៉េងបោះតូចៗ ឬប៉េងប៉ោះឆឺរីលក់បានថ្លៃ ក៏ផ្ដើមដាំលើកដំបូងលើផ្ទៃដីកន្លះហិចតា ស្រាប់តែប៉េងប៉ោះឲ្យផលបានយ៉ាងច្រើនលើសពីការរំពឹងទុក ផ្លែច្រើនពេក បេះលក់មិនទាន់ ហើយតម្លៃវិញពីមុនគេលក់បាន ៦,០០០ ទៅ ៧,០០០ពាន់រៀលក្នុង១គីឡូ ស្រាប់តែពេលគាត់ប្រមូលផលលក់ចេញបានតែ ១,២០០ ទៅ ១,៣០០រៀល ក្នុង១គីឡូប៉ុណ្ណោះ ពោលគឺតម្លៃខុសគ្នាឆ្ងាយតែម្ដង។ លោកស្រីបន្តថា ចំនួនលក់ចេញទៅកាន់ទីផ្សារបានតិច ហើយមិនសូវមានទីផ្សារឆ្ងាយៗ ត្រឹមលក់ក្នុងផ្សារពូពុយតិចតួចក្នុងតំបន់ ទើបធ្វើឲ្យប៉េងប៉ោះលោកស្រីប្រឈមនឹងការខូចខាត សល់ទុំក្រហមពេញចម្ការ ឃើញហើយសោកស្ដាយខ្លាំងណាស់។

លោកស្រី​បញ្ជាក់បន្ថែមថា ចំពោះកសិករដូចលោកស្រី មិនទាមទារអ្វីច្រើនទេ គឺគ្រាន់តែសុំឲ្យមានទីផ្សារលក់ចេញ បានក្នុងតម្លៃសមរម្យ ដែលសំខាន់ មានទីផ្សារមានឈ្មួញអាចមកទិញប៉េងប៉ោះរបស់គាត់ដល់ទីតាំង ឬអាចមានការអន្តរគមន៍ណាមួយពីក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីស្វែងរកទីផ្សារបន្ថែមជូនគាត់ ដើម្បីកុំឲ្យពេលដាំបានផលហើយលក់ថោកៗហើយមិនចេញ សល់ពេញចម្ការទៀត។ បន្ថែមពីនេះលោកស្រី ចង់ស្នើសុំឲ្យក្រសួងកសិកម្ម ឬក្រុមហ៊ុនវិនិយោគផ្សេង ពិនិត្យលទ្ធភាព បង្កើតរោងចក្រផលិតផលកែច្នៃផ្លែប៉េងប៉ោះស្រស់ ដើម្បីជួយដល់កសិករដែលខំដាំហើយ បែរជាត្រូវប្រឈមការខូចខាតទៅវិញ ៕

ប្រសិនបើត្រូវការប៉េងប៉ោះលោកស្រី សុខឃាន អាចទាក់ទងបាន៖ 0718966006

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទពេញនិយម