• 2022-02-14 02:00:40
  • ព័ត៌មាន

គ្រួសារ​ខ្មែរ-បារាំង លើក​ទាំង​គ្រួសារ​ទៅ​មើល​ថែ​អភិរក្ស​ដំរីប្រើ​ចំណាយ​ផ្ទាល់​ខ្លួន​សុទ្ធ ឥឡូវ​ជួប​ការ​លំបាក

  • 2022-02-14 02:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​ជនជាតិ​ខ្មែរ-បារាំង​មួយ ដែល​មាន​សមាជិក ៥នាក់(ប្ដី​ប្រពន្ធ និងក​ូន៣នាក់) បាន​សុខ​ចិត្ត​បោះ​បង់​ចោល​ជីវិត​ហ៊ឺហារ​នៅ​ទីក្រុង ហើយ​ទៅ​រស់​នៅ​ខេត្ត​រតនៈគីរី មើល​ថែ និង​អភិរក្ស​សត្វ​ដំរី​ស្រុក ដោយ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន​សុទ្ធ​សាធ ឥឡូវ​ជួប​ការ​លំបាក​ដោយ​សារ​ការ​ចំណាយ​ខ្ពស់​ខ្លាំង​ពេក។

គ្រួសារ​អ្នក​ស្រី ចិន្តា ក្លែស(CHENDA CLAIS) ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងស្វាមី ដើម​ឡើយ​គឺ​ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ និង​ជា​បុគ្គលិក​ជាន់ខ្ពស់​ក្រុមហ៊ុន​ធានារ៉ាប់រង​របស់​បារាំង​មួយ។ ប៉ុន្តែ​ក្រោយ​មក​បាន​សម្រេច​ចិត្ត​បោះបង់​ជីវភាព​នៅ​ទីក្រុង​មក​រស់​នៅ​យ៉ាង​សាមញ្ញ​ម​នៅ​ក្នុង​ខេត្ត​រតនៈគីរី នៅ​ឆ្នាំ ១៩៩៩ ដោយ​កាល​នោះ អ្នក​ស្រី​មាន​សមាជិក​តែ​២នាក់​ជា​មួយ​ស្វាមី។

ពេល​មក​ដល់ អ្នក​ស្រី​បាន​ដឹង​ថា ខេត្ត​នេះ មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ធម្មជាតិ និង​បាន​ដឹង​ថា ខេត្ត​នេះមាន​សត្វ​ដំរី​ជា​ច្រើន​ក្បាល​ដែល​ចិញ្ចឹម​ដោយ​បង​ប្អូន​ជនជាតិ។តាម​អ្នក​ស្រី ចិន្តា កាល​នោះ​ខេត្ត​រតនៈគីរី បាន​ដំរី​ស្រុក​ប្រមាណ​ជា ៧០ក្បាល។ ប៉ុន្តែ​ក្រោយ​មក​បាន​ថយ​ចុះ​ដោយ​សារ ដំរីចាស់ និង​ឈឺ​ស្លាប់ មូលហេតុ​ផ្សេង​ទៀត គឺ​ការ​លក់​ដំរី​ទៅ​ខេត្ត​ផ្សេង​ៗ​ទៀត។

មើល​ឃើញ​ស្ថានភាព​នេះ អ្នក​ស្រី និង​ក្រុម​គ្រួសារ​បាន​សម្រេច​ធ្វើ​កិច្ចការ​ដ៏​ធំ គឺ​ការ​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី​ស្រុក​ក្នុង​ខេត្ត​រតនៈគីរី។កិច្ចការ​នេះ អ្នក​ស្រី ចិន្តា បានទិញ​យក​ដំរី​ស្រុក​១ក្បាល​កាល​ពី​ឆ្នាំ២០១៥ ឈ្មោះ​អ៊ីកែវ មក​ចិញ្ចឹម។ បន្ត​មក ក៏​ចេះ​តែ​ទិញ​ចូល​បន្តបន្ទាប់​ពី​អ្នក​ភូមិ​យក​មក​ចិញ្ចឹមដោយ​ប្រើ​កញ្ចប់​ថវិកា​ផ្ទាល់​ខ្លួន​សុទ្ធ​សាធ​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង។

ស្ត្រី​សម្បុរ​សណ្ដែកបាយ បាន​ប្រាប់​ថា ពេល​មក​ដល់​ខេត្ត​រតនៈគីរី​ដំបូង​អ្នក​ស្រី​បាន​បង្កើត​ជា​ផ្ទះ​ស្នាក់ និង​ក្រោយ​មក​បាន​កែ​ប្រែ​ក្លាយ​ជា​សណ្ឋាគារ។ អ្នក​ស្រី​បាន​ប្រើ​ចំណូល​ពី​មុខ​របរ​នេះ​ដើម្បី​ចិញ្ចឹម​ខ្លួន និង​ការងារ​អភិរក្ស​ដំរី​នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង។ "ចាប់ផ្ដើមអៃរាវត្តាដំបូងគឺប្រើប្រាស់ថវិការបស់ក្រុមគ្រួសារបង។ បាន 3 ឆ្នាំបន្ទាប់មកមកដល់បច្ចុប្បន្ននេះទើបបានទទួលថវិកាពីសប្បុរសជនពីសម្ដេចម៉ែពីក្រសួងបរិស្ថានដែលបានជួយគាំទ្រក្នុងគម្រោង"។

បច្ចុប្បន្ន​អ្នក​ស្រី ចិន្តា ក្លែស៍ និង​ស្វាមី ព្រម​ទាំង​កូន​៣នាក់ បូក​រួម​ទាំង​បង​ប្អូន​សាច់ញាតិ មិត្តភ័ក្តិ​ជា​ច្រើន​ទៀត បាន​រួម​គ្នា​ពុះពារ​ក្នុង​ការងារ​ដ៏​លំបាកនេះ ដែល​ទាម​ទារ​ការ​តស៊ូ និង​អត់​ធ្មត់​ខ្ពស់ ក្នុង​គោល​បំណង​ចង់​ឃើញ​កំណើត​កូន​ដំរី​ស្រុក​ដំបូង ហើយ​ទី​បំផុត​ក៏​ធ្វើ​បាន។ “ក្រោយ​ការ​តស៊ូ អំណត់​ព្យាយាម​របស់​យើង ទី​បំផុត​ដំរី​អ៊ីកែវ កើត​បាន​កូន​ដំបូង​ឈ្មោះ ណូអែល នៅ​ថ្ងៃ​ទី ២៦ ធ្នូ ២០២១"។

ត្បិត​ថា​ជោគជ័យ​លើ​ការ​បង្កាត់​ពូជ​ដំរី​ស្រុក ប៉ុន្តែ​បច្ចុប្បន្ន​គម្រោង​អភិរក្ស​ដំរី​ដែល​មាន​ឈ្មោះ​ថា ប៉ុន្តែ​ជា​កិច្ចការ​ដែល​មាន​ខ្ទង់​ចំណាយ​ខ្ពស់​បំផុត​ដែរ ដល់​ទៅ​ប្រមាណ​ ១២ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​១​ឆ្នាំ។ ខ្ទង់​ចំណាយ​នេះ តាម​អ្នក​ស្រី ចិន្តា មូលនិធិ​ពី​ក្រុម​គ្រួសារ និង​ពី​ប្រភព​ផ្សេង​ទៀត​នោះ បាន​ជួយ​សម្រាល​បាន​តែ​ប្រមាណ ៤០% ប៉ុណ្ណោះ ដែល​ធ្វើ​អ្នក​ស្រី​កំពុង​ជួប​ការ​ប្រឈម​ក្នុង​ការងារ​នេះ។

រូបភាព៖ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និង​ហ្វេសប៊ុក Chenda Clais

ដោយ​សារ​តែបែប​នេះ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ទើប​នឹង​រៀប​ចំ​រាត្រី​សមោសរ​មួយ​ដើម្បី​ប្រមូលមូលនិធិ​ដើម្បី​បន្ត​បេសកកម្ម​នេះ​បន្ត​ទៀត ដែល​គេ​ឃើញ​សិល្បករ និង​អ្នកមុខអ្នក​ការ​ជា​ច្រើន​បាន​ចូល​រួម។ ជាមួយ​គ្នា ក្រសួង​បរិស្ថាន ក៏​បាន​ប្រកាស​ដែរ​ថា នឹង​បន្ត​ជួយ​គាំទ្រ​ដល់​សកម្មភាព​របស់​សមាគមន៍​មួយ​នេះ​បន្ត​ទៀត​ដែរ ដោយសារ​សមាគមន៍ មាន​បេសកកម្ម​ដូច​គ្នា​នឹង​ក្រសួង​បរិស្ថាន៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម