
- 2022-02-22 03:06:04
- ព័ត៌មាន
ក្រេឌីត ប្យួរ៉ូ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
- 2022-02-22 03:06:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រេឌីត ប្យួរ៉ូ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សហការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
ចន្លោះមិនឃើញ
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុនស៊ីប៊ីស៊ី និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះកិច្ចសហប្រតិបត្តិការរួមគ្នាថ្មីមួយដែលមិនធ្លាប់មានពីមុនមករវាងវិស័យឯកជនជាមួយនឹងថ្នាក់ឧត្តមសិក្សា។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងភាគីទាំងពីរកាលពីម្សិលមិញ គឺដើម្បីផ្ដល់ឪកាសដល់និស្សិតកម្ពុជាដែលមានសមត្ថភាពសក្ដិសមនឹងទទួលអាហារូបករណ៍ថ្នាក់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររងលើជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការឧបត្ថម្ភទឹកប្រាក់ចំនួន ៨ ម៉ឺនដុល្លារគឺមានបូករួមទាំងការបំប៉នជំនាញវិជ្ជាជីវៈ និងយល់ដឹងពីវិស័យការងារដែលពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រ និងការវិភាគទិន្នន័យពីក្រុមហ៊ុនស៊ីប៊ីស៊ី។
សាកលវិទ្យាល័យកំពុងណែនាំកម្មវិធីបរិញ្ញាបត្រវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មដំបូងបង្អស់របស់ប្រទេស ដោយសហការជាមួយសាកលវិទ្យាល័យ Osaka Metropolitan ប្រទេសជប៉ុន។ នៅឆ្នាំនេះ «អាហារូបករណ៍ CBC Data Science and Engineering» នឹងបើកជូននិស្សិតកម្ពុជាចំនួន ២ នាក់ ដែលទទួលបានតំណែងកំពូលក្នុងការប្រលងចូល RUPP និងបង្ហាញពីតម្រូវការផ្នែកហិរញ្ញវត្ថុ។ លើសពីការគ្របដណ្តប់ពេញលេញនៃថ្លៃសិក្សាដល់អ្នកជាប់អាហារូបករណ៍ CBC ក៏នឹងធ្វើការជាមួយមហាវិទ្យាល័យវិស្វកម្មដើម្បីផ្តល់នូវការបង្ហាញ ការបណ្តុះបណ្តាលអភិវឌ្ឍវិជ្ជាជីវៈ និងការគាំទ្រការស្រាវជ្រាវសម្រាប់និស្សិតពីកម្មវិធីវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្ម។ នេះគឺមានគោលបំណងក្នុងការធ្វើឱ្យនិស្សិតទទួលបាន ជំនាញដែលឲ្យគេត្រៀមខ្លួនរួចជាស្រេចក្នុងទីផ្សារនៅពេលពួកគេបញ្ចប់ការសិក្សា។
លោកស្រី ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា៖ «នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទីបួននេះផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទី៤នេះ។ សាកលវិទ្យាល័យបានបង្កើតថ្នាក់សិក្សាលើជំនាញដ៏សំខាន់នេះដល់និស្សិតកម្ពុជាប្រព្រឹត្តឡើងនៅខណៈពេលដ៏សមស្រប។ នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថលនីយកម្ម ខ្ញុំមានសុទិដ្ឋិនិយមថាកម្មវិធីសិក្សាដែលយើងបានរៀបចំនឹងបង្កើតធនធានយុវជនដែលមានសម្ថភាពច្បាស់លាស់ដែលអាចបង្កើតដំណោះស្រាយច្នៃប្រឌិត នៅវិស័យបច្ចេកវិទ្យា សុខមាលភាព ទូរគមនាគមន៍ និងហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតផងដែរ។ នៅក្នុងវិស័យហិរញ្ញវត្ថុ ទិន្នន័យមានសក្តានុពលយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដោយការបង្កើតដំណោះស្រាយទៅដល់ប្រជាជនយើងដែលមានកង្វះក្នុងការប្រើប្រាស់សេវាកម្មធនាគារ»។
លោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យបានមានប្រសាសន៍ថា៖ «សាកលវិទ្យាល័យភូមិន្ទភ្នំពេញពិតជាត្រូវការការចូលរួមពីគ្រប់ស្ថានប័នទាំងអស់ ដើម្បីផលិតធនធានមនុស្ស សម្រាប់ប្រទេស។ សម្រាប់កម្មវិធីចុះហត្ថលេខានៅថ្ងៃនេះ ជា គំរូនិងសក្ខីភាពមួយ បង្ហាញពីការចូលរួមរបស់ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) នៅក្នុងការផលិតធនធានមនុស្សសម្រាប់សង្គមជាតិយើង»។
អនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខាដោយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី និងលោកបណ្ឌិត អ៊ុំ រ៉ាវី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ស៊ីប៊ីស៊ី ក៏បានជួយ សាកលវិទ្យាល័យ RUPP ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដោយផ្តល់ការប្រឹក្សាលើវិស័យនេះដើម្បីបង្កើតកម្មវិធីអប់រំដែលសមស្របទៅតាមតម្រូវការជាក់ស្ដែងក្នុងទីផ្សារការងារ ផងដែរ៕