
- 2022-02-24 23:39:25
- ព័ត៌មាន
ជួយអភិរក្សផង! សត្វក្រៀលជិតផុតពូជ ជាង៩០ក្បាលកំពុង ហើរចុះរកចំណីនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត
- 2022-02-24 23:39:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយអភិរក្សផង! សត្វក្រៀលជិតផុតពូជ ជាង៩០ក្បាលកំពុង ហើរចុះរកចំណីនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត
ចន្លោះមិនឃើញ
សត្វក្រៀលសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោកនិង ត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)ពេលនេះកំពុងមានវត្តមានជាង៩០ក្បាលតំបន់ការពារទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។នេះបើយោងទៅតាមប្រភពពីក្រសួងបរិស្ថាន។
សត្វក្រៀលចំនួនជាង៩០ ក្បាលនេះទៀតសោត បានចុះមកដល់តំបន់ការពារទេសភាពអន្លង់ព្រីងកាលពីពេលកន្លងទៅ ដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមនេះ តែមិនបន្តពូជឡើយ ពីខែធ្នូដល់ខែកុម្ភៈ ខណៈ នៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី វិញហើយ។
ជាទូទៅសត្វក្រៀលមានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ និង មាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀល អាចពងកូនបាន១ឬ២ប៉ុណ្ណោះក្នុងមួយរដូវកាល ឬក្នុងមួយឆ្នាំ។
ជារៀងរាល់ថ្ងៃក្នុងរដូវប្រាំងនេះ ចាប់ពីព្រលឹមរហូតដល់ថ្ងៃរៀបលិច មានគេឃើញសត្វក្រៀល ទាំងហ្វូងៗ ចុះស៊ីចំណីក្នុងបឹង នៃតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត ពោលគឺឃើញមានជាង៩០ក្បាលដែលបន្តរកចំណី ពីសេស មន្ត្រីឧទ្យានុរក្សបានសហការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងកិច្ចការពារ សត្វទាំងនេះ ដោយធ្វើការយាមល្បាតទាំងថ្ងៃ ទាំងយប់ ការពារខ្លាចមានជនខិលខូចមួយចំនួនដែលឆ្លៀតឱកាសបង្កបទល្មើសផ្សេងៗ ។
សូមជម្រាបថា នៅក្នុងប្រទេសកម្ពុជា សត្វក្រៀល ចាប់ផ្តើមបង្ករកំណើតនៅដើម រដូវវស្សា។ ពួកវាបានចាប់ផ្តើមបំបែកគ្នាជាគូរ ឬគ្រួសារ ចំនួនពី២ក្បាល ទៅបីក្បាលប៉ុណ្ណោះ ដើម្បីបង្ករកកំណើត។ រយៈពេលពីខែឧសភា ដល់ខែតុលា ជារៀងរាល់ឆ្នាំជារដូវពងកូនរបស់ពពួកសត្វនេះ នៅតាមវាលស្មៅធំៗ ភាគច្រើននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពអាងត្រពាំងថ្ម និងតំបន់ខ្លះនៃខេត្តស្ទឹងត្រែង និងរតន:គីរី ជាដើម។