• 2022-03-31 01:20:36
  • ព័ត៌មាន

នំក្រឡានល្បីណាស់ សម្រាប់ប្រជាជនខ្មែរ តែមានមនុស្សមិនច្រើនទេដែលដឹងប្រវត្តិ

  • 2022-03-31 01:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំក្រឡានផលិតចេញពីអង្ករដំណើប លាយជាមួយសណ្តែកខ្មៅ ខ្ទិះដូង និងគ្រឿងផ្សំមួយចំនួនទៀត រួចញាត់ចូលបំពង់ឬស្សី និងដុត ។ នំនេះមានឱជារសឈ្ងុយឆ្ងាញ់ និងមានតំលៃចាប់ពី ១០០០ រៀល ឡើងទៅ យោងតាមទំហំតូចឬធំ ។

ពាក្យក្រឡានមានប្រភពចេញពីជនជាតិភាគតិច (កូឡា) របស់ប្រទេសភូមា ដែលបានរត់ភឿសខ្លួន និងបានរសនៅលើទឹកដីខេត្តប៉ៃលិនសព្វថ្ងៃ។ ជនជាតិដើមភាគតិច កូឡា បរិភោគអង្ករដំណើបជាអាហារប្រចាំថ្ងៃខុសពីជនជាតិខ្មែរយើង ដែលបរិភោគអង្ករខ្សាយ (អង្ករធម្មតា) ។ ជនជាតិកូឡាពីសម័យមុន ប្រកបរបរទទួលទានដោយការ រករ៉ែ( ត្បូង មាស ពេជ្រ បរបាញ់សត្វ កាប់ឈើ) ។ល។

នៅពេលដែលពួកគេទៅព្រៃម្តងៗ ពួកគេមិនចាំបាច់យកទៅជាមួយនៅ ឆ្នាំ ក្អម ដែលធ្វើអំពីដីឥដ្ឋឡើយ ពីព្រោះរបស់ទាំងនេះវាធ្ងន់ ផុយ ស្រួយ ងាយបាក់បែក ។ នៅពេលពួកគេចម្អិនអាហារ ពួកដើររកកាប់ដើមឬស្សីណាដែលមានប្រហោងធំៗ យកមកដាំស្ល ដោយដាក់បំពង់ឬស្សីបញ្ឈររួចដុតភ្លើងជាការស្រេច។

ចំណែកឯជនជាតិខ្មែរយើងដែលបានទៅរករ៉ែ និងកាប់ឈើជាមួយជនជាតិភាគតិចកូឡា នាសម័យនោះ ក៍យល់ឃើញថា បាយដំណើបដែលចម្អិនក្នុងបំពង់ឬស្សីមានរស់ជាតិឆ្ងាយខុសពីបាយដំណើបដែលចម្អិនក្នុងឆ្នាំងធម្មតា។

នៅពេលដែលពួកគេត្រលប់ពីព្រៃវិញ ពួកគេបានផ្សព្វផ្សាយពីវិធីចង្អិនអង្ករដំណើបក្នុងបំពង់ឬស្សីដល់អ្នកភូមិ ។ ចាប់ពីពេលនោះមក ខ្មែរយើងបានហៅឈ្មោះនំនេះថានំក្រឡាន អោយស្រដៀងនិងឈ្មោះជនជាតិភាគតិច កូឡា។

ពីជំនាន់មួយទៅជំនាន់មួយ គ្រឿងផ្សំផលិតនៅក្រឡាន មានការវិវត្តន៍ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ដែលគ្រឿងផ្សំរបស់វាមានដូចជា៖ អង្ករដំណើប សណ្តែកខ្មៅ ស្ករ ខ្ទិះដូង និងអំបិលបន្តិចបន្ទួច យកស្លឹកចេក រឺស្រកីដូងធ្វើច្នុក ដុតក្នុងចង្ក្រានធ្វើពីរបាដែក។ រយះពេលដុតអាស្រ័យលើទំហំ បំពង់ឬស្សី៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

កែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម