• 2022-04-19 04:57:54
  • ព័ត៌មាន

ប្រព័ន្ធរំដោះទឹកជំនន់ខ្នាតយក្សនៅក្រុងភ្នំពេញ ជំនួយឥតសំណងជប៉ុន នឹងសម្ពោធស្អែកនេះហើយ

  • 2022-04-19 04:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមិទ្ធផល​នៃ​គម្រោង​ការពារ​ទឹកជំនន់ និងកែលំអប្រព័ន្ឋប្រឡាយ លូ ក្នុងរាជធានីភ្នំពេញជំហានទី៤​ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន​ ដែល​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង​ ៣៦លាន​ដុល្លារ​នឹង​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្ដម​ មីកាមី​ ម៉ាសាហ៊ីរ៉ូ​ (MIKAMI Masahiro) ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា​ ឆ្នាំ​២០២២ស្អែក​នេះ​។

សមិទ្ធផល​គម្រោង​ខាង​លើ​ បាន​ក៏​ដូច​ជា​កំពុង​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅតំបន់ជុំវិញ និង​ខាង​ជើង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំក្នុងខណ្ឌដូនពេញ និងតំបន់ភូមិសាស្ត្រសង្កាត់បឹងកក់ទី១ សង្កាត់បឹងកក់ទី២ ក្នុង​ខណ្ឌទួលគោក​។

ជំនួយ​ឥតសំណង​របស់​ប្រទេស​ជប៉ុន​ក្នុង​គម្រោង​ខាង​លើ​សម្រាប់​មក​បម្រើ​ការងារ​ដូច​ជា​៖

  • ១. ស្ថាបនាដាក់បណ្តាញលូខ្នាតធំ ប្រវែង ១២.៦គម

  • ២. សាងសង់អាងស្តុកទឹកក្រោមដីក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣.៥ម ជម្រៅ ៤ម មានសមត្ថភាពស្តុកទឹកបាន ៦៥០០ម៉ែត្រគូប និងសង់ស្ថានីយ៍បូមទឹកមានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។

  • ៣. បំពាក់ម៉ាសុីនរបារត្រងសំរាមមេកានិកស្វ័យប្រវត្តិចំនួន ៥កន្លែង នៅមុខអាងស្តុកទឹកក្រោមដីតាមមាត់ទន្លេរួមមាននៅអាងក្រោមដីសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សួនច្បារផ្សារចាស់ សួនច្បារព្រះគន្លង់១ សួនច្បារព្រះគន្លង់២ និងសាលសន្និសីទចតុមុខ។

  • ៤. ជំនួយរថយន្តបូមទឹកចល័តចំនួន ២គ្រឿង។

តាមរយៈនៃការដាក់អោយដំណើរការជាបណ្តោះអាសន្នកាលពីខែតុលា វិច្ឆិកាឆ្នាំ២០២១កន្លងមក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឃើញថា ក្នុងករណីភ្លៀងធ្លាក់កម្រឹតក្រោម ៤០មមក្នុង១ម៉ោង តំបន់ដែលធ្លាប់លិចលង់ធ្ងន់ធ្ងរដូចជាជុំវិញវត្តភ្នំ ផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២ ផ្លូវលេខ ៥៩៦ ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៥ ផ្លូវលេខ ២៨៩ ផ្លូវលេខ ២៨៧ ផ្លូវលេខ ៦០៨ ស្តុបផ្សារមាន់អាំង មុខវិទ្យាល័យឥន្ទ្រទេវី ស្តុបផ្ទះសំណាក់ស្រែលាបជា​ដើមមិនលិចលង់ទៀតទេ ប៉ុន្តែបើករណីភ្លៀងធ្លាក់ខ្លាំងលើសពី ៤០មមក្នុង១ម៉ោង ទឹកដែលធ្លាប់លិចលង់រយៈពេល ៣ម៉ោងទៅ៤ម៉ោង បានកាត់បន្ថយមកនៅត្រឹម ៣០នាទីទៅ១ម៉ោងប៉ុណ្ណោះ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម