• 2022-04-26 02:38:20
  • ព័ត៌មាន

ត្រៀមចិត្តត្រៀមកាយ! ក្រសួងបញ្ជាក់ ថ្ងៃដាក់ឲ្យប្រើប្រាស់សាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុហើយ

  • 2022-04-26 02:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងនៅក្នុង ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីការងារសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ របស់ក្រុមយុវជនក្រសួងសាធារណការ និងនិស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនសរុបប្រមាណ៣០០នាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងច្បាស់ៗថា ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ- ខេត្តព្រះសីហនុនេះ គ្រោងនឹងដាក់ឲ្យប្រើប្រាស់ ជាការសាកល្បង នៅខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដាខាងមុខនេះ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថាផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ប្រភពរូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម