/629477c9ba82f_1653897120_medium.jpg)
- 2022-05-30 00:55:43
- ព័ត៌មាន
នេះហើយប្រវត្តិរបស់លោក! យកក្រមាធ្វើថ្នក់វេចសៀវភៅទៅអាន ពេលឃ្វាលគោ ពេលនេះបានទទួលសញ្ញាបត្រពីប្រធានាធិបតីអាមេរិក
- 2022-05-30 00:55:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយប្រវត្តិរបស់លោក! យកក្រមាធ្វើថ្នក់វេចសៀវភៅទៅអាន ពេលឃ្វាលគោ ពេលនេះបានទទួលសញ្ញាបត្រពីប្រធានាធិបតីអាមេរិក
ចន្លោះមិនឃើញ
យុវជនខ្មែរមួយរូបបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក ដោយទទួលបានឱកាសដ៏ពិសេសទទួលបានសញ្ញាបត្រដោយផ្ទាល់ពីលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក កំពុងធ្វើឱ្យមហាជនមានក្ដីរំជួលចិត្តជាខ្លាំង។
យុវជនរូបនោះឈ្មោះ ពេជ្រ មូន មានដើមកំណើតជាកូនកសិករ រស់នៅភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។ ថ្វីដ្បិតកើតមករស់នៅក្នុងជីវភាពអ្នកស្រែចម្ការ តែយុវជនរូបនេះតែងស្រវាប្រទាញក្រេបយកចំណេះវិជ្ជា រហូតបានទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក រយៈពេល៤ឆ្នាំ និងទើបបញ្ចប់ការសិក្សានៅឆ្នាំ២០២២នេះ ជំនាញផ្នែកគណិតវិទ្យា និងការស្រាវជ្រាវនៅលំហអាកាស ហើយក៏បានទទួលបានជំនាញបើកយន្តហោះទៀតផង។
នៅថ្ងៃទទួលសញ្ញាបត្រជីដូនចំណាស់ ដែលចិញ្ចឹមបីបាច់ថែរក្សាលោកតាំងពីបាតជើងក្រហម រហូតធំពេញវ័យ បាននាំយកក្រមា និងខ្សែគោ ជារង្វាន់ដល់ចៅប្រុស ដែលលោកយាយថែរក្សាជាង ១០ឆ្នាំ។ លោកយាយតែងយកក្រមា និងខ្សែគោនេះមកមើលពេលណាដែលនឹកចៅម្ដងៗ ។ អ្វីដែលគួរឱ្យរំជួលចិត្តនោះ យុវជន ពេជ្រ មូន រំលឹកពីបណ្ដាំលោកយាយថា «ពេលនេះយាយប្រគល់វាឱ្យចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោឱ្យសោះ ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលឮអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។»
ពិធីប្រគល់សញ្ញាបត្របានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក។
ដំណើររឿងរបស់យុវជន ពេជ្រ មូន គឺជាសារអប់រំ មានតម្លៃដ៏មហាសាលមិនអាចកាត់ថ្លៃបាន។ មិនថាអ្នកមកពីប្រភពណា មកពីកន្លែងណា អ្នកសុទ្ធតែមានឱកាស ឱ្យតែយើងព្យាយាម និងមិនបោះបង់៕