/62b2e7cdb91ac_1655891880_medium.jpg)
- 2022-06-22 03:03:18
- ព័ត៌មាន
មកស្គាល់ ក្រុមអ្នកនិពន្ធវ័យក្មេងពីដែននិរតី
- 2022-06-22 03:03:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ ក្រុមអ្នកនិពន្ធវ័យក្មេងពីដែននិរតី
ចន្លោះមិនឃើញ
គម្រោងការងារបណ្តុះបណ្តាលអ្នកនិពន្ធវ័យក្មេង MST Writer របស់អ្នកស្រី ម៉ីសន សុធារី ទើបតែបានប្រកាសចេញនូវ រដូវកាលទីបី ក្រោមប្រធានបទ «ដែននិរតី» ជាន់គ្នាពីលើរដូវកាលទីពីរ ដែលមានប្រធានបទថា អ្នកនិពន្ធជុំវិញបឹងទន្លេសាប ទើបនឹងសម្ពោធកាលពីខែមុន។
អ្នកនិពន្ធ ម៉ីសនសុធារី បានឱ្យដឹងថា គម្រោងថ្មីនេះទៀតសោតក៏ដើម្បីប្រកូកប្រកាស ជ្រើសរើសស្នាដៃ និងទទួលយកមកបណ្តុះបណ្តាល អ្នកនិពន្ធជំនាន់ក្រោយដែលមិនធ្លាប់បានឆ្លងកាត់វគ្គ តែងនិពន្ធ ឬមួយក៏មានស្នាដៃហើយមិនមានឱកាសនៅក្នុងការបញ្ចេញ ។
អ្នកស្រីបានបន្ថែមទៀតថា នៅ MSTWrites នេះ គឺអ្នកនិពន្ធនឹងទទួលបានឱកាសដាក់បង្ហាញស្នាដៃ ទទួលយកនូវមតិរបស់សាធារណជន និងចូលរួមវគ្គសិក្សាមូលដ្ឋានឈានដល់វគ្គសិក្សាជំនាញ។
ក្នុងរដូវកាលពីរ ក្រោមប្រធានបទ «អ្នកនិពន្ធពីជុំវិញបឹងទន្លេសាប» ក្រុមនេះបានទទួលស្នាដៃមកតិចតួចណាស់ បើប្រៀបធៀបទៅនឹងរដូវកាលទីមួយដែលលើកឡើងក្រោមប្រធានបទថា «អ្នកនិពន្ធក្រៅសាលា» ដែលទទួលយកពីគ្រប់ទិសទីនៃផ្ទៃប្រទេស។
ចំណែករដូវកាលទីបីនេះ ដែលមានប្រធានបទថា ដែននិរតី គឺនឹងជ្រើសរើសស្នាដៃពីជនវ័យក្មេង សិស្ស និស្សិត គ្រូបង្រៀនមន្ត្រីរាជការរូបណាដែលមានបំណងចង់ចូលរួមនៅក្នុងការបញ្ចេញស្នាដៃតែងនិពន្ធក៏ដូចជា ទទួលបានវគ្គសិក្សាខ្លីៗដែលបង្ហាត់បង្ហាញរំលែកបទពិសោធន៍ដោយអ្នកស្រីផ្ទាល់ និងអ្នកនិពន្ធផ្សេងទៀតនៅក្នុងក្រុមMST។ បច្ចុប្បន្ននេះ សាធារណជនមកពីខេត្ត ចំនួនបួន គឺខេត្តកោះកុង ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺនិងខេត្តកំពតអាចផ្តើមចូលរួមដាក់ស្នាដៃពីពេលផ្សាយដំណឹងនេះតទៅរហូតដល់ចុងបញ្ចប់នៃរដូវកាល គឺមានរយៈពេលប្រាំមួយខែទៅមុខទៀត។
ដូច្នេះទាំងនៅរដូវកាលទីពីរ «អ្នកនិពន្ធបឹងទន្លេសាប» និង«អ្នកនិពន្ធដែននិរតី» នៃរដូវកាលទីបី គឺធ្វើឡើងជួនពេលគ្នាតែម្ដង ដើម្បីបំផុសគំនិតឱ្យមានអ្នកនិពន្ធថ្មីកាន់តែច្រើនឡើង ហ៊ានបញ្ចេញនូវស្នាដៃរបស់ខ្លួនជាសាធារណៈ ក៏ដូចជាចូលរួមជាបណ្ដាញអ្នកសរសេរដូចគ្នា ទទួលយកនូវការលើកទឹកចិត្តនិងឱកាសនៅក្នុងការជួបផ្ទាល់ជាមួយអ្នកអានរបស់ខ្លួនផងដែរ ។
គួររំឭកផងដែរថា រហូតមកដល់ពេលនេះ ទាំងរដូវកាលទីពីរនិងរដូវកាលទីបី គឺកំពុងទទួលនូវស្នាដៃព្រមៗគ្នាតែម្ដង ចំណែកស្នាដៃទាំងអស់របស់អ្នកនិពន្ធMSTនៅក្នុងរដូវកាលទាំងប៉ុន្មាននោះ មិនត្រូវបានដាក់ចូលទៅក្នុងផ្នែកនៃមាតិកាគិតថ្លៃនៅលើ meysansotheary.com ទេ គឺនៅក្នុងវេទិកាអានដោយសេរីមិនគិតថ្លៃ ។ ជារៀងរាល់ខែអ្នកនិពន្ធដែលទទួលបានចំណាត់ថ្នាក់ខ្ពស់នៅក្នុងលំដាប់ កំពូលទាំងដប់ប្រាំនឹងទទួលបាននូវរង្វាន់លើកទឹកចិត្តជាបន្តបន្ទាប់។
អ្នកនិពន្ធ ម៉ីសន សុធារីដេលម្ចាស់នៃគម្រោងនេះ បានបញ្ចប់វគ្គសិល្សាមូលដ្ឋានគោលនៃការសរសេរប្រលោមលោកសម្រាប់យុវអ្នកនិពន្ធ បីក្រុមគឺ MSTហង្សៈ MSTនាគា និងMSTឥន្ទ្រីយ៍៕