/62cffde104e70_1657798080_medium.jpg)
- 2022-07-14 04:33:31
- ព័ត៌មាន
ធនាគារ ABA គាំទ្រគម្រោងសម្ដេចតេជោសម្រាប់គោលដៅកម្ពុជាគ្មានមីន តាមរយៈការបរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិក
- 2022-07-14 04:33:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ABA គាំទ្រគម្រោងសម្ដេចតេជោសម្រាប់គោលដៅកម្ពុជាគ្មានមីន តាមរយៈការបរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិក
ចន្លោះមិនឃើញ
ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (CMAA) ដើម្បីផ្ដល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុចំនួន 200,000 ដុល្លារអាមេរិក ជូនគម្រោងសម្ដេចតេជោសម្រាប់សកម្មភាពមីន។ ABA រួមចំណែកជាថវិកាសប្បុរសធម៌ ដើម្បីជំរុញការងារបោសសម្អាតមីន ឆ្ពោះទៅកាន់គោលដៅ កម្ពុជាគ្មានមីនឆ្នាំ 2025។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី1 អាជ្ញាធរមីន, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅការិយាល័យកណ្ដាលធនាគារ ABA។
ថ្លែងក្នុងពិធីនេះ លោក Askhat Azhikhanov បានមានប្រសាសន៍ថា “អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានជួយសង្គ្រោះជីវិតមនុស្សជាច្រើននៅទូទាំងប្រទេស ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ យើងខ្ញុំនៅ ABA មានសេចក្ដីសោមនស្សយ៉ាងក្រៃលែងចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមីន និងគាំទ្រយ៉ាងពេញទំហឹងលើ “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន (STP-MA) ដែលផ្តួចផ្តើមឡើងដោយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីសម្រេចបាននូវគោលដៅឆ្ពោះទៅកាន់ កម្ពុជាគ្មានមីនឆ្នាំ 2025។”
លោកក៏បានបន្ថែមផងដែរថា “យើងខ្ញុំសង្ឃឹមថា ការរួមចំណែកដ៏ស្ដួចស្ដើងរបស់យើងខ្ញុំ នឹងជួយសម្រួលការងារដ៏មានតម្លៃមួយនេះ ក្នុងការសង្គ្រោះជីវិត និងរំដោះដីធ្លី សម្រាប់ការប្រើប្រាស់ដី, ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ, សេវាសង្គមមូលដ្ឋាន, ប្រព័ន្ធធារាសាស្ដ្រ និងទឹកស្អាតប្រកបដោយសុវត្ថិភាព។”
ឯកឧត្តម លី ធុជ បានមានប្រសាសន៍ផងដែរថា “ខ្ញុំ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី សូមអរគុណដល់ថ្នាក់ដឹកនាំ និង ធនាគារ ABA ទាំងមូលនូវការបរិច្ចាគសប្បុរសធម៌ចំនួន 2 សែនដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម។ ថវិកានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការបោសសម្អាតមីនដែលសល់ពីសង្គ្រាម សង្គ្រោះជីវិតប្រជាជនកម្ពុជា កាត់បន្ថយគ្រោះថ្នាក់ពិការដៃជើង ហើយជាពិសេសផ្តល់នូវសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋ។ ប្រជាជនអាចរួមដៃគ្នាបោសសម្អាតមីនដោយបរិច្ចាគតាមរយៈគណនី ABA របស់ CMAA បាន។”
CMAA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2000 ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការគ្រប់គ្រង ត្រួតពិនិត្យ និងសម្របសម្រួលរាល់សកម្មភាពដោះមីន។
បន្ថែមពីលើការបរិច្ចាគទឹកប្រាក់ 200,000 ដុល្លារអាមេរិក ឆាប់ៗនេះ ធនាគារ ABA នឹងផ្តល់ឱកាសដល់អតិថិជនរបស់ខ្លួនជាង 2 លាននាក់ ក្នុងការឧបត្ថម្ភជូន CMAA តាមរយៈមុខងារបរិច្ចាគផ្ទាល់ក្នុងកម្មវិធី ABA Mobile ដោយឥតគិតថ្លៃ។
ស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ខ្លួន ធនាគារ ABA តែងតែចូលរួមក្នុងការបរិច្ចាគ និងកម្មវិធីសប្បុរសធម៌ជាប្រចាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសហគមន៍។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ធនាគារបានបរិច្ចាគថវិកាចំនួន 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌។ ក្រៅពីនេះ ធនាគារ ក៏បានគាំទ្រដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ការផ្ដល់សេវា ថែទាំសុខភាពឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅជនបទទូទាំងប្រទេស និងសមាគមនិស្សិតអាហារូបករណ៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (AMT) ដើម្បីគាំទ្រដល់សិស្ស-និស្សិតកម្ពុជាតាមរយៈអាហាររូបករណ៍, កម្មវិធីអប់រំ និងគម្រោងជំនួយហិរញ្ញវត្ថុ ដោយបរិច្ចាគទឹកប្រាក់ចំនួន 100,000 ដុល្លារអាមេរិក ដល់សមាគមនីមួយៗ ក៏ដូចជាបានបរិច្ចាគ 1,000,000,000 ដុល្លារអាមេរិក កាលពីខែមេសា ឆ្នាំ2021ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផងដែរ៕