• 2022-08-21 20:13:13
  • ព័ត៌មាន

នេះ​តួលេខ​ថ្មី ដែល​គេ​ប៉ាន់​ប្រមាណ ទាហាន​រុស្សី​បាន​ស្លាប់​នៅ​ក្នុង​ការ​លុកលុយអ៊ុយក្រែន​ជិត៦ខែមក​នេះ

  • 2022-08-21 20:13:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខកងកម្លាំងប្រដាប់អាវុធរបស់អង់គ្លេសបាននិយាយថា រុស្ស៊ីបានបាត់បង់ទាហានរបស់​ខ្លួន​ប្រមាណ ៥០,០០០នាក់ ដោយ​ពួក​គេ​ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការលុកលុយរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ហើយរថក្រោះជិត ១៧០០ គ្រឿងត្រូវបានបំផ្លាញ​ផង​ដែរ។

ប៉ុន្តែឧត្តមនាវីឯក Tony Radakin បានប្រាប់ BBC នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃទី 17 ខែកក្កដាថា ការរំពឹងទុកណាមួយដែលការខាតបង់អាចធ្វើឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាក់ចុះ​នោះ គឺគ្រាន់តែជា "ការគិតប្រាថ្នា" ប៉ុណ្ណោះ។

លោក​បាន​និយាយ​អំពី​លោក Putin ថា​៖ «​ខ្ញុំ​គិត​ថា​មតិ​មួយ​ចំនួន​ដែល​គាត់​មិន​ល្អ ឬ​ថា​ពិត​ជា​មាន​នរណា​ម្នាក់​នឹង​ធ្វើ​ឃាត​គាត់ ឬ​ដក​គាត់​ចេញ ខ្ញុំ​គិត​ថា​ វា​គ្រាន់​ជា​អ្វី​ពួកគេ​ប្រាថ្នា​ចង់​បាន​ដូច្នោះ​ប៉ុណ្ណោះ»។

ឧត្តម​នាវីឯក​ដដែល បន្តថា ក្នុងនាមជាអ្នកជំនាញខាងយោធា លោក​មើល​ឃើញរបប​ដឹកនាំ​របស់​ពូទីន នៅ​មានស្ថិរភាពនៅក្នុងប្រទេសរុស្ស៊ី។ លោក​ថា ប្រធានាធិបតីពូទីនអាចកម្ចាត់ក្រុមប្រឆាំងបាន ហើយ​នឹង​គ្មាននរណាម្នាក់នៅក្នុង​ជួរ​មេដឹកនាំ មានកម្លាំងជំរុញ​ទឹក​ចិត្តដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីពូទីននោះទេ។ Radakin បន្ថែម។

បែប​នេះ​ក្ដី ប្រមុខយោធាអង់គ្លេសបាននិយាយថា ជាមួយនឹងការធ្លាក់ចុះនៅអ៊ុយក្រែន កងទ័ព​ជើង​គោក​របស់រុស្ស៊ីឥឡូវនេះ អាចបង្កការគំរាមកំហែងតិចជាងមុនសង្គ្រាម។ ក្រៅ​ពី​បាត់​បង់​ទាហាន និងរថក្រោះ​យ៉ាងច្រើន រុស្ស៊ី ក៏​បានបាត់រថពាសដែកប្រមាណ ៤,០០០ ទៀត​ដែរ ចាប់តាំងពីការលុកលុយកាលពីថ្ងៃទី ២៤ ខែកុម្ភៈនោះ​មក នេះបើយោងតាមការប៉ាន់ស្មានប្រមុខ​យោធា​អង់គ្លេស។

យ៉ាង​ណា​ក៏​ដោយ លោក​ថា រុស្សី​នៅ​តែ​ជា​មហាអំណាច៖ "រុស្ស៊ីនៅតែបន្តជាមហាអំណាចនុយក្លេអ៊ែរ។ ពួក​គេ​មានសមត្ថភាព​វាយ​ប្រហាម​តាម​អ៊ីនធឺណេត សមត្ថភាពអវកាស ហើយវាមានកម្មវិធីពិសេសនៅក្រោមទឹក​ថែម​ទៀត។ ដូច្នេះវាអាចគំរាមកំហែងដល់ខ្សែកាបក្រោមទឹក ដែលអនុញ្ញាតឱ្យព័ត៌មានឆ្លងកាត់ជុំវិញពិភពលោកទាំងមូល"៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម