• 2022-08-23 21:40:36
  • ព័ត៌មាន

សេដ្ឋី​រុស្សី​ម្នាក់ ចេញ​មក​និយាយ​ខ្ទេច រឿង ពូទីន តែង​ប្រើ​កណ្ដាប់ដៃដែក​ប្រឆាំង​អ្នក​​រិះគន់!

  • 2022-08-23 21:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Boris Mints គឺជាអ្នកជំនួញរុស្ស៊ីក្នុង​ចំណោម ៣-៤នាក់ ដែលហ៊ានចេញ​មក​និយាយប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

តាម​ធម្មតា ប្រជាជនដែលមានឋានៈខ្ពស់ភាគច្រើននៅក្នុងប្រទេសរុស្សី បានរក្សាភាពស្ងៀមស្ងាត់ជុំវិញសង្រ្គាម ព្រោះ​តែ​ចង់​ជៀសវាងការរិះគន់ចំពោះវិមានក្រឹមឡាំង ដែល​ស្ថានភាព​នេះ លោក Boris លើក​ឡើង​ថា ពួក​គេ​ទាំង​នោះ សុទ្ធ​កំសាក។

វិមានក្រឹមឡាំងមានកេរ្តិ៍ឈ្មោះ​ល្បី ក្នុងការបង្រ្កាបអ្នករិះគន់ដោយឥតសំចៃមាត់ចំពោះ​លោក​ប្រធានាធិបតី ពូទីន ខណៈ​ដែល​ខ្លឹមសារនៅលើបណ្តាញព័ត៌មាន រុស្ស៊ីត្រូវបានគ្រប់គ្រង​ដោយ​រដ្ឋ។ ទន្ទឹម​នឹង​នេះ ការ​តវ៉ា​ដែល​គ្មាន​ការ​អនុញ្ញាត ក៏​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក។

លោក Boris Mints បាននិយាយថា "នរណាម្នាក់" ដែលហ៊ាន​និយាយ​រិះគន់លោកពូទីនដោយបើកចំហរ នឹងមានការ​ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន​នា​ពេល​បន្ទាប់។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ដែលធ្វើឡើងតាមអ៊ីមែល សេដ្ឋី​រុស្សី បានប្រាប់ BBC ថា "ខ្ញុំគ្មានចេតនារស់នៅក្នុងជម្រកគ្រាប់បែកដូចដែលលោកពូទីនធ្វើនោះទេ"។

បុរសអាយុ 64 ឆ្នាំដែលបានកសាងទ្រព្យសម្បត្តិរបស់គាត់តាមរយៈក្រុមហ៊ុនវិនិយោគ O1 Group ដែលគាត់បានបង្កើតឡើងក្នុងឆ្នាំ 2003 ហើយបន្ទាប់មកលក់នៅឆ្នាំ 2018 បាននិយាយថានៅក្នុងប្រទេសរុស្ស៊ី "មធ្យោបាយធម្មតា" ដើម្បីដាក់ទណ្ឌកម្មចំពោះ​ម្ចាស់អាជីវកម្ម​នានា​ដែល​ហ៊ាន​និយាយ​រិះគន់​ពូទីន គឺ ការ​បើកសំណុំរឿងឧក្រិដ្ឋកម្មប្រឌិតប្រឆាំងនឹងអាជីវកម្មរបស់ពួកគេ ។

លោក​បន្ត​ថា ​មិន​ត្រឹម​តែ​ម្ចាស់​អាជីវកម្ម​ខ្លួនឯង​ប៉ុណ្ណោះ​ទេ​ដែល​មានរឿង សូម្បី​តែ​គ្រួសារ និង​បុគ្គលិក​ ក៏​មិន​រួច​ខ្លួន​ដែរ​។

"មេដឹកនាំអាជីវកម្មណាក៏ដោយដែលផ្ដាច់​ខ្លួន​ពី ពូទីន ត្រូវបានគេមើលឃើញថា រង​ការគំរាមកំហែង ក៏​ព្រោះ​ថា ពួកគេសុទ្ធ​តែ​មានសមត្ថភាពអាច​ផ្តល់ហិរញ្ញប្បទានដល់ក្រុមប្រឆាំង ឬបណ្តុះការតវ៉ា ដូច្នេះមនុស្សទាំងនោះ នឹង​ត្រូវចាត់​ថាជាសត្រូវរបស់ពូទីន ក៏ដូច​ជាសត្រូវរបស់រដ្ឋ"។ បន្ថែម។

Boris Mints ប្រាប់​ទៀត​ថា លោក​ក៏​មាន​ពិសោធន៍​ខ្លួន​ឯង​រួច​ហើយ​ដែរ​ជុំវិញ​ករណី​ទាំង​នេះ ក្រោយ​​លោក​បាននិយាយជាសាធារណៈ​លើកដំបូង ប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតីពូទីនក្នុងឆ្នាំ 2014 បន្ទាប់ពីគ្រីមៀត្រូវបានបញ្ចូលពីអ៊ុយក្រែន។ បន្ទាប់​ពី​នោះ​មក លោក​មាន​អារម្មណ៍ថា លោក​ត្រូវតែ​ចាកចេញពីប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ 2015 ឆ្ពោះ​មក​ចក្រភពអង់គ្លេស ព្រោះ​កាលណោះ ស្ថិត​នៅក្នុងបរិបទកើនឡើងនៃការបង្ក្រាបលើក្រុមប្រឆាំងនយោបាយ ហើយ Boris Nemtsov រូបវិទ្យាវិទូ និង​ជា​អ្នក​នយោបាយសេរី ត្រូវបានបាញ់សម្លាប់នៅឆ្នាំនោះ​ទៀត។

ដូច​ការ​គិត​មែន លោកបាននិយាយថា ពីរឆ្នាំក្រោយមក លោក​បានរកឃើញខ្លួនឯងនៅក្នុងជម្លោះបើកចំហប្រឆាំងនឹងធនាគារកណ្តាលនៃប្រទេសរុស្ស៊ី ហើយ​បន្ទាប់​មក ដំណើរការផ្លូវច្បាប់ប្រឆាំង​លោក​ផ្សេងៗ ចាប់ផ្តើម​ពេញលេញ ក្នុង​ដែនសមត្ថកិច្ចផ្សេងៗគ្នា។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ "​នៅ​ពេល​រឿង​បែប​នេះ​ចាប់​ផ្តើម​កើត​ឡើង វា​ជា​សញ្ញា​ច្បាស់​ថា​គេ​គួរ​តែ​ចាក​ចេញ​ពី​ប្រទេស​ជា​បន្ទាន់»។​ Mints អះអាង​ថា លោកនៅតែជាកម្មវត្ថុនៃសកម្មភាពផ្លូវច្បាប់បច្ចុប្បន្នដោយវិមានក្រឹមឡាំង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម