• 2022-10-12 20:04:46
  • ព័ត៌មាន

ស្លុតចិត្ត ពេលដឹងថាបច្ចុប្បន្ន កុមារកម្ពុជាច្រើននាក់មានជំងឺមហារីក!

  • 2022-10-12 20:04:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺមហារីក គឺជាជំងឺដ៏កាចសាហាវមួយនៅលើសាកលលោក ដែលភាគច្រើនគេគិតថា វាកើតតែលើមនុស្សពេញវ័យ ប៉ុន្តែថ្មីៗនេះ មានដំណឹងថា មហារីក ក៏មាននៅលើកុមារដែរហើយនៅក្នុងនោះគេបានរកឃើញកុមារកម្ពុជាជាច្រើនបានកើតជំងឺនេះ។ នេះ បើ តាម ការបញ្ចេញឲ្យដឹងពីអ្នកស្រី ស៊ិន កេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិ នៃ មន្ទីរពេទ្យកុមារអង្គរខេត្តសៀម រាប។

អ្នកស្រី ស៊ិន កេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិ នៃ មន្ទីរពេទ្យកុមារអង្គរខេត្តសៀម រាប។

អ្នកស្រី ស៊ិន កេតអរុណ ថ្លែងនៅក្នុងថ្ងៃបើកសម្ពោធគម្រោង "Run with SAI ៤សែន ជំហាន"ថា៖ “បងប្អូនប្រជាពលរដ្ឋយើងតែងយល់ថា ជំងឺមហារីក ច្រើនកើតតែលើមនុស្ស ចាស់ ឬក៏មនុស្សធំប៉ុន្តែជាក់ស្ដែង សូម្បី តែកុមារក៏មានដែរ...”។

តាមអ្នកស្រី ស៊ិន កេតអរុណ បានឲ្យដឹងថា ចាប់តាំងពីបង្កើតឡើង នៃមន្ទីរពេទ្យកុមារ អង្គរកាលពីឆ្នាំ ១៩៩៩ ដោយអ្នកថតរូបជនជាតិ ជប៉ុន ម្នាក់មក មន្ទីរពេទ្យបានរកឃើញ ករណី មហារីក ជា ច្រើន ក្នុងនោះមាន ជំងឺមហារីក តម្រងនោម បាតភ្នែក គ្រាប់ឈាម លើ កុមារកម្ពុជាយើង។ ប៉ុន្តែពីពេលនោះ មន្ទីរពេទ្យមិនទាន់មានអ្នកឯកទេស និងលទ្ធភាពព្យាបាលកុមារមហារីកបាន ដូច្នេះហើយកុមារទាំងនោះ ត្រូវបានបញ្ជូនទៅកាន់កន្លែងព្យាបាលផ្សេងទៀត ទៅតាមលទ្ធភាពរបស់ពួកគេ។

មន្ទីរពេទ្យកុមារអង្គរនៅតែបន្តរកឃើញករណីមហារីក លើកុមារច្រើនឡើងៗ ដូចជា មហារីកគ្រាប់ឈាម មហារីកបាតភ្នែក មហារីកឆ្អឹង មហារីកខួរក្បាល មហារីកជាលិកា សាច់ដុំជាដើម។ រហូតមកដល់ អំឡុងឆ្នាំ ២០១២ ក្រុម គ្រូ ពេទ្យ ឯកទេសមកពីសហរដ្ឋអាមេរិក បានសហការជាមួយនឹងគ្រូពេទ្យឯកទេសខ្មែរនៅក្នុងមន្ទីរពេទ្យកុមារអង្គរ សម្រេចបង្កើតឲ្យមាន សេវាព្យាបាល និងថែទាំកុមារមានជំងឺមហារីកគ្រប់ប្រភេទនៅក្នុងមន្ទីរពេទ្យផ្ទាល់ ដែលដំបូង គឺផ្តោតទៅលើការព្យាបាលកុមារមានជំងឺមហារីកបាតភ្នែក។

មក ទល់ បច្ចុប្បន្ន អ្នក ស្រី ប្រាប់ ថា តាមការប៉ាន់ស្មានរបស់ក្រុមអ្នកឯកទេសជំងឺមហារីកនៃមន្ទីរពេទ្យកុមារអង្គរបានរកឃើញថា កុមារប្រមាណជា ៥% ទៅ ១០% នៃកុមារកម្ពុជា សរុបមានជំងឺមហារីក ហើយកុមារដែលមកទទួលព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ត្រូវ បាន រកឃើញជំងឺមហារីកភាគច្រើនដូច ជាមហារីកគ្រាប់ឈាម មហារីកបាតភ្នែក មហារីក ខួរក្បាល មហារីកឆ្អឹង មហារីកជាលិកា និងមហារីកសាច់ដុំ។

តែទោះយ៉ាងណា មហារីកគ្រាប់ឈាម និងមហារីកបាតភ្នែក គឺត្រូវបានរកឃើញច្រើន ជាងគេ។ ប៉ុន្តែករណីនេះ អ្នកស្រីបាន ពន្យល់ថា ដោយសារតែ ជំងឺមហារីកគ្រាប់ឈាម និងជំងឺមហារីកបាតភ្នែក គឺមន្ទីរពេទ្យមានគ្រូពេទ្យឯកទេស ដែលអាចធ្វើរោគវិនិច្ឆ័យបានរហ័ស។ "ប្រសិនបើយើងមានគ្រូពេទ្យឯកទេស ផ្នែកមហារីក ផ្សេងទៀត ប្រាកដនឹងអាចរកឃើញហើយព្យាបាលប្រភេទមហារីកផ្សេងទៀតបានច្រើន!”។ អ្នកស្រី បន្ថែម។

មហារីកលើកុមារភាគច្រើនត្រូវបានរកឃើញនៅលើកុមារមានអាយុ ប្រមាណ ៥-៦ឆ្នាំ។ ប៉ុន្តែតាមអ្នកស្រី ស៊ិន កេតអរុណ អាការនៃ ជំងឺនេះ អាចចេញតាំងពីនៅតូចៗ ឬ ទើបនឹងកើតម្ល៉េះ គ្រាន់តែឪពុកម្ដាយ មិនចាប់អារម្មណ៍ ឬដោយសារជំនាញធ្វើរោគវិនិច្ឆ័យ លើជំងឺមហារីកនៃគ្រូពេទ្យនៅតាមជនបទនៅមានកម្រិតផង ព្រមទាំងផ្តល់ការ ព្យាបាលមិនទាន់បានល្អ និងត្រឹមត្រូវ ទើបអ្នកជំងឺឈានដល់តំណាក់កាលធ្ងន់ធ្ងរ ហើយទើបបញ្ជូនកូន ឬកុមារមកកាន់មន្ទីរពេទ្យកុមារអង្គ។

ករណីនេះអ្នកស្រី ស្នើឲ្យឪពុកម្ដាយ និងលោកគ្រូ អ្នកគ្រូពេទ្យ តោងយកចិត្តទុកដាក់ ប្រសិន បើមានចំណុចសង្ស័យ ត្រូវប្រញាប់រកការព្យាបាលជាមួយគ្រូពេទ្យ ជំនាញ ឲ្យបានទាន់ពេលវេលា។

មក ទល់ បច្ចុប្បន្ន មិន មាន ការ សិក្សា ណា ដែល អាច បញ្ជាក់ ពី មូលហេតុ ដែល ថា ហេតុអ្វីកុមារតូចៗ មានជំងឺមហារីកអាចជាតំណពូជ តែភាគច្រើន គឺកើតមហារីកឡើងដោយឯកឯង។ ប៉ុន្តែតាមអ្នកស្រី ស៊ិន កេតអរុណ គឺអាចមកពីកត្តាខុសប្រក្រតីនៃកោសិកា របស់ទារក ឬកុមារដែរ ។

អ្នកគ្រូពេទ្យប្រាប់ ថាជំងឺមហារីកលើកុមារ មិនមែនកើតមានតែលើកុមារកម្ពុជាទេ តែវាកើតលើកុមារទូទាំងសកលលោក។ យ៉ាងណាសម្រាប់កម្ពុជា មន្ទីរពេទ្យកុមារអង្គរ បានផ្ដើមយុទ្ធនាការ ផ្សព្វផ្សាយ និងបង្កើនការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់ អំពី ជំងឺនេះលើកុមារ ហើយនេះ គឺជាមូលហេតុដែលមន្ទីរពេទ្យកុមារអង្គរ សម្រេចសហការ ជាមួយលោក អ៊ួន បឋម ហៅ SAI ដើម្បីផ្សព្វផ្សាយបញ្ជូនសារនេះទៅសាធារណជន ថា "មហារីក មិនមែនមានតែលើមនុស្សធំនោះទេ ប៉ុន្តែ ក៏កើតមានលើកុមារផងដែរ"៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម