• 2022-10-17 20:30:08
  • ព័ត៌មាន

កំពង់ទឹកជាកន្លែងព្រះរាជា យាងតាមទូកទៅកាន់​ប្រាសាទនាគព័ន្ធកណ្តាលបារាយជ័យតដាក ត្រូវបញ្ចប់ការជួសជុល

  • 2022-10-17 20:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខឿនកំពង់ទឹកដែលស្ថិតនៅខាងកើតប្រាសាទព្រះខ័ន គឺជារចនាសម្ព័ន្ធមួយក្នុងចំណោមរចនាសម្ព័ន្ធផ្សេងៗនៃប្រាសាទនេះ កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ចន្លោះចុងសតវត្សទី១២ដល់សតវត្សទី១៣ ជាព្រះពន្លាជ័យ ឬកន្លែងសម្រាប់ព្រះរាជា ធ្វើដំណើរតាមទូកទៅកាន់ក្រុមប្រាសាទនាគព័ន្ធនៅលើកូនកោះកណ្តាលបារាយជ័យតដាក។

លក្ខណៈសំណង់បែបនេះឃើញមាននៅស្រះស្រង់ នៅលើខ្នងទំនប់ខាងលិចនៃបារាយណ៍យសោធដាក សព្វថ្ងៃហៅ បារាយខាងកើត និងនៅខាងកើតប្រាសាទបន្ទាយឆ្មា។ ដោយពិនិត្យឃើញរចនាសម្ព័ន្ធរបស់កំពង់ទឹករងសភាពខូចខាតទ្រុឌទ្រោមខ្លាំង ទើបឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមសិក្សាអំពីគម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធកំពង់ទឹក ដែលនៅសល់ឡើងវិញ ដើម្បីថែរក្សានូវរូបរាងសំណង់ឲ្យបានគង់វង្ស។

មូលហេតុ ដែលនាំឱ្យមានការជួសជុល ដោយសារខឿនកំពង់ទឹកមានការខូចខាត និងបាត់ថ្មអស់ច្រើន ដោយកត្តាអាយុកាលនៃសំណង់ ឬសឈើចាក់បំប៉ើងថ្ម ទឹកភ្លៀងហូរច្រោះដី នាំឱ្យខឿនជុំវិញស្រុតចុះ និងផ្នែកខ្លះរអិលធ្លាក់ចូលក្នុងទឹកជាដើម។ មុនពេលដំណើរការជួសជុល ក្រុមការងារបានធ្វើកំណាយស្រាវជ្រាវ ហើយរកឃើញថ្មមួយចំនួនត្រឡប់មកវិញ និងបានយកថ្មទាំងនោះរៀបចំទៅក្នុងទីតាំងដើមវិញ។

សំណង់កំពង់ទឹកខាងកើត ប្រាសាទព្រះខ័ន សាងសង់នៅលើខ្នងទំនប់ខាងលិច នៃបារាយខាងជើង រចនាសម្ពន្ធនៃកំពង់ទឹកនេះផ្នែកខាងកើតរាងកាកបាទមានជណ្តើរបីទិស ផ្នែកកណ្តាលមានខឿនធំបណ្តោយពីខាងលិចខាងកើតប្រវែង២០ម៉ែត្រ ទទឹងខាងជើងខាងត្បូងប្រវែង២០ម៉ែត្រ​៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់
អត្ថបទពេញនិយម