• 2022-10-28 01:51:36
  • ព័ត៌មាន

នៅ​ក្នុង​ពិព័រណ៍ការងារ ក្រសួង​ការងារ បង្ហាញ​ប្រភេទ​ការងារ ៤ ដែល​នឹង​មាន​តម្រូវ​ការ​ខ្ពស់​នា​ពេល​អនាគត

  • 2022-10-28 01:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​បាន និង​កំពុង​ស្ថិត​ក្នុង​សង្វាក់​នៃ​សាកលភាវូបនីយកម្ម​ ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​តម្រូវ​ការ​ជា​ច្រើន​នៅ​ក្នុង​សង្គម​ទៅ​តាម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​បច្ចេកវិទ្យា ក្នុង​នោះ​សូម្បី​តែ​ក្នុង​អាជីព​ការងារ មុខ​ជំនាញ​ខ្លះ ក៏​ត្រូវ​បាន​ព្យាករណ៍​ពី​តម្រូវ​ការ​ខ្ពស់​នា​ពេល​អនាគត​ដែរ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ "ពិព័រណ៌ការងារ និង​ផលិតភាព​ជាតិ ២០២២" ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្ដាល បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​តាម​ការ​សិក្សា​សកលមួយ​បាន​បង្ហាញ​ថា ខ្ទង់​ប្រមាណ ១០​ឆ្នាំ​ទៀត អាជីព ឬ​ជំនាញ​ខ្លះក្នុង​តួលេខ ១ភាគ៣ នឹង​ត្រូវ​បាត់​បង់ តាម​ការ​វិវត្ត​នៃ​ការ​អភិវឌ្ឍន៍​សង្គម។

បរិបថ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​ដូច​គ្នា ដែល​នឹង​ត្រូវ​ថមថយ​ និង​កើន​នូវ​តម្រូវ​ការ​ងារ​លើ​មុខ​ជំនាញ​មួយ​ចំនួន។ ក្នុង​ន័យ​នេះ ក្នុង​នាម​តំណាង​ឲ្យ​ក្រសួង​ការងារ បាន​បើក​បង្ហាញ​នូវ​ប្រភេទ​មុខ​ជំនាញ​ចំនួន ដែល​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​តម្រូវ​ការ​ខ្ពស់​នា​ពេល​អនាគត​សម្រាប់​បរិបថ​ការងារ​នៅ​ក្នុង​ស្រុក ក្នុង​នោះ​រួម​មាន៖

១.​ជំនាញ​បច្ចេកទេស៖ ដែល​ជា​ចំណេះ​ដឹង និងសមត្ថភាពជាក់លាក់សម្រាប់​ការងារ ឬ​អាជីពការងារ​មួយ ពិសេស​បច្ចេកវិទ្យា​ព័ត៌មានដូច​ជា ​(ការរចនា ការ​សរសេរកូដកម្មវិធី និង​ការ​វិភាគ​ទិន្នន័យ​ជាដើម។

២.ជំនាញ​ឥរិយាបថ៖ ពាក់ព័ន្ធនឹង​ការ​សិក្សា​រៀនសូត្រនវានុវត្តន៍ដូច​ជា៖ ការ​ច្នៃប្រឌិត ការ​គិត​ជ្រៅជ្រះ ការ​ធ្វើការងារ​ជាក្រុម ការ​ចរចា ការដោះស្រាយបញ្ហា ការ​ទំនាក់ទំនង​គ្នា

៣.ជំនាញ​ជីវិត និង​អាជីព៖ ដែល​ជា​បុគ្គលិកលក្ខណៈ​នៃសង្គម​អារម្មណ៍៖ គំនិត​ផ្ដួចផ្ដើម និង​ការដឹកនាំ​ផ្ទាល់ខ្លួន ភាពទន់ភ្លន់ងាយសម្របខ្លួន ការទទួលខុសត្រូវផ្ទាល់ខ្លួន គណនីយភាព និងភាពងាយបត់បែនលឿនស្រុះគ្នា​ជាដើម។

៤.ជំនាញអន្តរវប្បធម៌៖ ជំនាញ​សហការ​តាម​ប្រព័ន្ធ Software និង​បណ្ដាញ​សង្គម ជំនាញចម្រុះព័ត៌មាន និង​ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​សម្រាល​បន្ទុក​ការងារ​ជាដើម។

រាជរដ្ឋាភិបាល បាន និង​កំពុង​អនុវត្ត​គោលនយោបាយ​ចតុកោណ​តំណាក់​កាល​ទី​៤​របស់​ខ្លួន ដោយ​ក្នុង​នោះ ការ​បង្កើន​ការងារ​ដល់​យុវជន​កម្ពុជា គឺ​ជា​កិច្ចការ​អាទិភាព​មួយ​ដើម្បី​ឈាន​ទៅ​បង្កើត​ផលិតភាព​ការងារ សម្រាប់​រុញ​ដោល​កំណើន​សេដ្ឋកិច្ច​ជាតិ។ ក្នុង​ន័យ​នេះ "ពិព័រណ៍ការងារ និង​ផលិតភាព​ជាតិ" ដែល​មាន​ការ​គាំទ្រ​ពី​ផ្នែក​ពាក់ព័ន្ធ​ជា​ច្រើន ត្រូវ​បាន​ធ្វើ​ឡើង​១​ឆ្នាំ​ម្ដង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

សម្រាប់​ឆ្នាំ ២០២២​នេះ "ពិព័រណ៍ការងារ និង​ផលិតភាព​ជាតិ" បាន​ប្រារព្ធ​ឡើង​ជា​ថ្មី​ទៀត​នៅ​ទីក្រុង​កោះពេជ្រ​រយៈ ពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី ២៨-២៩តុលា ក្រោម​កិច្ច​សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរ ដែល​មាន​ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន ១៥០បញ្ជរ បាន​ចូល​រួម​ដាក់​តាំង​សេវាកម្ម និង​បង្ហាញ​តម្រូវ​ការ​របស់​ខ្លួន ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍និងបដិសណ្ឋារកិច្ច ម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យ និងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្ម និងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ហើយរំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់។

តាម​ឯកឧត្តម​បណ្ឌិត ពេជ សោភ័ន កម្មវិធី​នេះ មាន​គោលបំណងសំខាន់បំផុតគឺ បង្កើត​ជា​កន្លែង​ផ្គូរផ្គង ការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ, ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត ទទួលបានការប្រឹក្សាយោបល់អាជីព, ការត្រៀមខ្លួនចូលការងារយ៉ាងសកម្មផុលផុស និងការស្វែងយល់ពីការបង្កើនផលិតភាព។

ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្លាស់​ប្ដូរតម្រូវ​ការងារ​​ទៅ​សង្វាក់​នៃ​សាកលភាវូបនីយកម្ម​នៃ​ការ​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច ​ឯកឧត្តម​បណ្ឌិត បាន​សំណូម​ពរ និងអំពាវនាវ​ដល់​យុវជន​ដែល​​កម្លាំង​ពលកម្ម​ក្នុង​ស្រុក ត្រូវ​អភិវឌ្ឍ​ខ្លួន ពិសេស​សិស្សនិស្សិត និង​កម្មករនយោជិត ត្រូវ​ចាប់​ផ្ដើម​ទទួល​ខុសត្រូវ​ការ​ផ្ដួចផ្ដើម​ផ្ទាល់ខ្លួន ក្នុង​ការ​រៀប​ចំ​ផែនការ​អាជីព​ឲ្យជាក់លាក់ ដោយការ​ធ្វើ​ការ​កំណត់​គោលដៅ​អាជីព​ឲ្យច្បាស់​លាស់ ​ដោយ​ឈរ​លើ​ក្ដី​ប្រាថ្នា និង​អាទិភាព​ដែល​ចង់​សម្រេច​បាន។

ជាង​នេះ​ទៅ​ទៀត ត្រូវ​ស្វែង​រក​ឱកាស​ការងារ ដែលស្រប​ទៅនឹង​គោលដៅដែលបាន​កំណត់ ហើយ​ត្រូវ​នឹង​ចំណង់ចំណូលចិត្ត​ និង​សមត្ថភាព​ខ្លួន។ ជាមួយ​គ្នា ក៏​ធ្វើ​ការវាយតម្លៃ​គម្លាត​ជំនាញ​របស់​ខ្លួន​ធៀប​នឹង​តម្រូវ​ការ​ជំនាញ​ក្នុង​ឱកាស​ការងារ​ដែល​ខ្លួន​ចង់​ចាប់​យក​នា​ពេល​អនាគត។ បន្ទាប់​មក​ប្រែក្លាយ​គម្លាត​នេះ​ទៅ​ជា​ផែន​ការ​អភិវឌ្ឍជំនាញ និង​អាជីព​មួយ​ឲ្យ​ច្បាស់​លាស់ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅដែល​បានកំណត់។

មួយ​វិញ​ទៀត ដើម្បី​រក្សា​នូវ​និរន្តរភាព​នៃ​តម្រូវ​ការ​ចំពោះ​ចំណេះ​ជំនាញ និង​សមត្ថភាព​ខ្លួន​នៅ​ក្នុង​អាជីព​ការងារ យុវជន​យើង​ត្រូវ​ធ្វើការ​​វាយ​តម្លៃ និង​កែ​តម្រូវ​ឡើង​វិញ​ជា​ប្រចាំ​នូវ​ផែនការអភិវឌ្ឍអាជីព​នេះ ដោយ​សារ​គោលដៅ​អាជីព ចំណង់​ចំណូលចិត្ត​ការងារ និង​មុខ​របរ​របស់​យើង តែង​តែ​ផ្លាស់​ប្ដូរ​ទៅ​តាម​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​បច្ចេកវិទ្យា៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម