• 2022-11-02 21:19:09
  • ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន ចែក​គន្លឹះ ៤យ៉ាង ដើម្បី​ស្ដារ​ទេសចរណ៍​ក្នុង​តំបន់​ អេកម៉ិក និង CLMVអាស៊ាន

  • 2022-11-02 21:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រទេស​មួយ​មាន​លទ្ធផល​ល្អ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង ទប់​ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍​គន្លឹះ​ចំនួន ៥ ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក្នុង​ការ​ស្ដារ​ទេសចរណ៍​ក្រោយ​គ្រោះ​កូវីដ១៩។

នៅ​ក្នុង​សារ​លិខិត​ស្វាគមន៍ និង​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អេកម៉ិក(ACMECS)លើក​ទី៥ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី CLMV លើក​ទី៦ ម្សិលមិញ​នៅ​ខេត្ត​សៀមរាប សម្ដេច​តេជោ ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ការ​មក​ដល់​របស់​កូវីដ១៩​រង្វង់​ជាង២ឆ្នាំ​មក​នេះ តួនាទី​នៃ​វិស័យ​ទេសចរណ៍ ត្រូវ​បាន​មើល​ឃើញ​ភាព​កាន់​តែ​ចាំ​បាច់​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច និង​ភាព​រីកចម្រើន​របស់​សង្គម​ជាតិ។ ជា​ពិសេស គឺ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជាតិ និង​ប្រជាជាតិ សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រទេស​ក្នុង​តំបន់។

ក្នុង​ន័យ​នេះ ដើម្បី​ជាមូលដ្ឋាន​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរ​ណ៍ អេកម៉ិក និង CLMV ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត សម្ដេច​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​ចែក​នូវ​ការ​គិត​គូរ​មួយ​ចំនួន៖

១. អេកម៉ិក និង CLMV គួរ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍន៍​ផលិតផលថ្មី បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ផ្ដល់នូវ​ភាព​សំបូរ​បែប​ដល់​ទេសចរ ស្រប​តាម​ការ​ប្រែប្រួល​និន្នការ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូវីដ១៩។ ក្នុង​ន័យ​នេះ ប្រទេស​ជា​សមាជិក គួរ​បង្កើន​កិច្ច​សហការ​លើ​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ជន​បទ ដែល​រួម​មាន​ទេសចរណ៍​សហគមន៍ ទេសចរណ៍​ម្ហូប​អាហារ អេកូទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង កសិទេសចរណ៍ ទេសចរណ៍​សុខមាលភាព ជា​ដើម ដែល​ទាំង​នេះ ជា​តម្រូវការ​ទេសចរណ៍​កំពុង​កើន​ឡើង ហើយ​ចូល​រួម​ដោយ​ផ្ទាល់​ដល់​ការ​រីកចម្រើន​នៅ​មូលដ្ឋាន។ ទន្ទឹមគ្នា​នេះ អេកម៉ិក និង CLMV គួរ​ដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​កិច្ចសហប្រតិបត្តិការ​ជួយ​គាំទ្រ​សហគ្រាស​ធុនតូច​បំផុត តូច និង​មធ្យម(MSMEs) អោយ​ក្លាយ​ជា​ឆ្អឹង​ខ្នង​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ភាពធន់ និង​ចីរភាព។

២.ក្នុង​បរិបថ​ឌីជីថលូបនីយកម្ម ប្រទេស អេកម៉ិក និង CLMV គួរ​ជំរុញ​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​លើ​ដំណើរ​ការ​បរិវត្ត​កម្មឌីជីថល​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​នោះ​គួរ​ដក​ពិសោធន៍​ពី​គ្នាទៅវិញ​ទៅមក លើ​ការ​អនុវត្ត​កម្មវិធី​អក្ខរកម្មឌីជីថលក្នុងវិស័យ​ទេសចរណ៍ ការ​អភិវឌ្ឍន៍​ជំនាញឌីជីថល ក៏ដូច​ជា​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឌីជីថល ក្នុង​ការ​បង្កើនផលិតភាព និង​ឧត្តមភាព​ប្រកួត​ប្រជែង។

៣. អេកម៉ិក និង CLMV គួរ​គិតគូរជំរុញ​លំហូរទេសចរណ៍​ផ្ទៃក្នុង​តំបន់​ អេកម៉ិក(ACMESs-Intra trveler) និង​លំហូរ​ទេសចរ​ផ្ទៃក្នុង​តំបន់ CLMV (CLMV Intra Traveler): ដោយ​ត្រូវ​គិត​គូរ​ផង​ដែរ​លើ​ការ​បង្កើន​ការ​តភ្ជាប់​ផ្លូវ​គោក ផ្លូវ​អាកាស និង​ផ្លូវ​ទឹកបន្ថែម​ទៀត ព្រម​ទាំង​ជំរុញ​ទេសរណ៍​បើក​បរ​ដោយ​ខ្លួន​ឯង (Self-Driving Tour)។

សម្ដេច​លើក​ឡើង​ថា៖ "សម្រាប់​ការ​ទាក់ទាញ​ទេសចរណ៍​ពី​ប្រទេស​ទី៣ ខ្ញុំ​សូម​គាំទ្រ​ឲ្យ​បន្ត​ផ្សព្វផ្សាយ​ក្រោម​យុទ្ធនាការ "ប្រទេស៥ គោលដៅទេសចរណ៍​តែ​១" និង "ប្រទេស​៤ គោលដៅទេសចរណ៍​តែ​១។

៤.ដើម្បី​សម្របសម្រួល​ការ​អនុវត្តន៍​ផែន​ការ​សកម្មភាព​ទេសចរណ៍ អេកម៉ិក និង CLMV ដែល​បាន​ដាក់​ចុះ ខ្ញុំ​សូម​គាំទ្រនូវ​ការ​គិត​បង្កើត​ឲ្យ​មាន​យន្តការ​ស្ថាប័ន​ទេសចរណ៍​ អេកម៉ិក និង CLMV ដែល​អាច​ជា​លេខាធិការដ្ឋាន ឬ​រចនា​សម្ព័ន្ធ​ណាមួយ ហើយ​កម្ពុជា​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ"៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម