/637c4e1422b66_1669090800_medium.jpg)
- 2022-11-21 21:27:09
- ព័ត៌មាន
ទីបំផុត មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥បានរកឃើញជយលាភីអស់ហើយ!
- 2022-11-21 21:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥បានរកឃើញជយលាភីអស់ហើយ!
ចន្លោះមិនឃើញ
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ ដែលរៀបចំឡើងតាំងពីខែតុលាមកនោះ នៅពេលនេះ បានបញ្ចប់ និងរកឃើញម្ចាស់ជយលាភីតាមផ្នែកនីមួយអស់ហើយ។
មហោស្រពបាន ធ្វើពិធីប្រគល់ពានរង្វាន់ម្ចាស់ជយលាភីទាំងអស់ នៅសណ្ឋាគារ Rose Wood Phnom Penh កាលពីចុងសប្ដាហ៍មុន។ តាមលោក ឃុន សុខឿន នាយកមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ គឺជាកម្មវិធីសំខាន់ៗមួយ ក្នុងចំណោមកម្មវិធីសំខាន់ៗជាច្រើនរបស់មហោស្រពអក្សរសិល្ប៍ខ្មែរ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបណ្តុះស្មារតីស្រលាញ់អក្សរសិល្ប៍ជាតិ លើកកម្ពស់កិត្តិយស និងគុណតម្លៃរបស់អ្នកនិពន្ធខ្មែរនៅក្នុងសង្គមជាតិ។
តាមចក្ខុវិស័យនេះ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ឆ្នាំ ២០២២ ទទួលបានបេក្ខភាពបានចូលរួមដាក់ប្រកួតស្នាដៃតែងនិពន្ធរបស់ខ្លួនសរុបចំនួន ជិត ២០០ស្នាដៃ។ តាមលោក សុខឿន ស្នាដៃទាំងអស់ត្រូវត្រួតពិនិត្យដោយក្រុមគណៈកម្មការសុទ្ធជាមានបទពិសោធន៍ យ៉ាងសុក្រិតមុនពេលរកឃើញជយលាភីនៅថ្ងៃនេះ។
ក្នុងន័យនេះដែរ លោកស្រី ហួត សុជាតា សមាជិកមហោស្រពនៃមហោស្រពអក្សរសីល្ប៍ខ្មែរលើកទី៥ បានលើកឡើងថា ក្នុងចំណោមស្នាដៃទាំងអស់ដែលបានចូលមកប្រកួត មានស្នាដៃខ្លះ ត្រូវបានគណៈកម្មការមហោស្រពដកចេញតាំងពីដំបូង ដោយសារស្នាដៃទាំងនោះ បានងាកចេញពីលក្ខខណ្ឌមហោស្រព។ ដោយឡែកស្នាដៃដែលមានគ្រប់លក្ខខណ្ឌ ត្រូវបានត្រួតពិនិត្យ និងវិនិច្ឆ័យយ៉ាងម៉ត់ចត់។
ក្រោយការវាយតម្លៃ មហោស្រពអក្សរសីល្ប៍ជាតិលើកទី៥ បានរកឃើញជយលាភីដូចតទៅ៖
១.ជយលាភីផ្នែករឿងខ្លីដែលអញ្ជើញចូលរួមមាន៖
• លោក អៀម ទិត្យសីហា ជ័យលាភីលេខ២ រឿង “ខ្សែទឹក”
• លោក ស៊ុន វិជ័យចិត្រា ជ័យលាភីលេខ៣ស្ទួន រឿង “អ្នកណានៅលើគ្រែ?”
• លោក ជា តុងហៃ ជ័យលាភីលេខ៣ស្ទួន រឿង “ក្រោយភ្លៀង”
• កញ្ញា ហ៊ល លីណា ជ័យលាភីកិត្តិយស រឿង “លតឆាមួយប្រអប់”
• កញ្ញា កែម ចន្ទបុប្ផា ជ័យលាភីកិត្តិយស រឿង “ដួងព្រលឹង”
២.ជ័យលាភីផ្នែកកំណាព្យដែលអញ្ជើញចូលរួមមាន៖
• លោក វណ្ណ សារ៉េត ជ័យលាភីលេខ១ “សំឡេងទ្រកំដរប្រាសាទ”
• លោក ឡឹក សុធារ ជ័យលាភីលេខ២ “ល្បើកសត្វខ្លា”
• លោក ហ៊ួត វាសនា ជ័យលាភីលេខ៣ “វេទិកាតុកាហ្វេ”
• កញ្ញា ហេង មៀនមៀន ជ័យលាភីកិត្តិយស “ទំនួញអក្សរសាស្ត្រ”
អវត្តមានកញ្ញា លឹម ផាន់ណា ជ័យលាភីកិត្តិយស “ឆ័ត្រ”
ម្នាក់ក្នុងចំណោមជយលាភីទាំងអស់ កញ្ញា កែម ចន្ទបុប្ផា ដែលឈ្នះជយលាភីកិត្តិយសបានបញ្ចេញឲ្យដឹងថា នេះជាលើកទី១ ដែលកញ្ញាបានចូលរួមក្នុងការប្រកួតស្នាដៃអក្សរសីល្ប៍។ កញ្ញាបានទទួលដំណឹងពីមហោស្រពតាមរយៈបណ្ដាញសង្គម ភ្លាមៗកញ្ញាមានចំណាប់អារម្មណ៍ ក៏បានរៀបចំស្នាដៃរបស់ខ្លួនចូលរួមប្រកួត។ ជាលទ្ធផលកញ្ញា ទទួលបានជយលាភីកិត្តិយស ដែលកញ្ញាអះអាងថា រីករាយ ព្រោះហោចណាស់កញ្ញាបានចូលរួមក្នុងវេទិកាលើកកម្ពស់អក្សរសិល្ប៍របស់ខ្មែរ។
លោក វណ្ណ សារ៉េត ម្ចាស់ស្នាដៃ "សំឡេងទ្រកំដរប្រាសាទ" ដែលទទួលជយលាភីលេខ១ បានប្រាប់ឲ្យដឹងថា លោកគឺជាអ្នកស្រឡាញ់ការតែងនិពន្ធ ក៏ដូចជាអក្សរសីល្ប៍ អក្សរសាស្ត្រខ្មែរម្នាក់។ ដូច្នេះហើយ លោកបានព្យាយាមចូលរួមប្រកួតគ្រប់កម្មវិធី គ្រប់មហោស្រពដែលលោកទទួលបានព័ត៌មាន។
រាប់ចាប់តាំងពីឆ្នាំ ២០១៩ លោក វណ្ណ សារ៉េត ដែលជាគ្រូកំរិតឧត្តមឯកទេសអក្សរសាស្ត្រខ្មែរស្រាប់នោះ ធ្លាប់ចូលរួមប្រកួតស្នាដៃចំនួន ៨ដងរួចមកហើយ ហើយ៦លើកលោកទទួលបានជយលាភី។ លោកគ្រូអក្សរសាស្ត្រវ័យ ៣៨ឆ្នាំ បញ្ជាក់ថា ការព្យាយាមរបស់លោកក្នុងការចូលរួមគ្រប់មហោស្រព មិនមែនជាការប្រាថ្នាពានរង្វាន់អ្វីនោះទេ ប៉ុន្តែលោកចង់ធ្វើជាគំរូមួយក្នុងនោះ ជាដំបូងសម្រាប់សិស្សរបស់លោក ទី២គឺយុវជនខ្មែរទាំងអស់ ឲ្យមានចំណាប់អារម្មណ៍លើការរក្សា និងលើកកម្ពស់អក្សរសាស្ត្រជាតិយើង។
ដូច្នេះហើយ លោកមោទកភាពនឹងមហោស្រពអក្សរសីល្ប៍ជាតិលើកទី៥នេះ ដែលលោកអះអាងថា គុណតម្លៃរបស់មហោស្រព ក្នុងការលើកស្ទួយអក្សរសីល្ប៏ មានតម្លៃមិនអាចកាត់ថ្លៃបាន។
មហោស្រពអក្សរសិល្ប៍លើកទី៥ ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ "មរតករស់នៃអក្សរសីល្ប៍" ដែលបានចាប់ដំណើរកាលពីថ្ងៃ ២១-២៣តុលា នៅវិទ្យាល័យ ពោធិ៍សាត់ និងទីតាំងជាច្រើនទៀតនៅក្នុងក្រុងពោធិ៍សាត់។ លោក ឃុត សុខឿន អះអាងថា មហោស្រពនៅតែមានឆន្ទៈក្នុងការបន្តបេសកកម្មរបស់ខ្លួនបន្តទៅទៀតនៅបណ្ដាឆ្នាំខាងមុខ។
សាទរនេះការលើកឡើងរបស់នាយកមហោស្រពអក្សរសីល្ប៍លើកទី ៥ កញ្ញា ហ៊ុន ស្រីណែត តំណាងសណ្ឋាគារ Rose Wood ដែលជាម្ចាស់ឧត្ថម្ភធំ បានលើកឡើងថា កញ្ញាបានមើលឃើញពីគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់មហោស្រពក្នុងការលើកតម្កើងអក្សរសីល្ប៍ខ្មែរ ដូច្នេះទើប Rose Wood Phnom Penh ចូលរួមឧបត្ថម្ភនៅឆ្នាំនេះ។ បន្ថែមពីលើនេះ Rose Wood Phnom របស់កញ្ញា ក៏នៅតែមានឆន្ទៈចូលរួមចំណែកបន្តបន្ទាប់ទៀត នៅក្នុងបេសកកម្មដើម្បីអក្សរសីល្ប៍ខ្មែររបស់មហោស្រពនាពេលខាងមុខ៕