• 2022-12-11 19:48:40
  • ព័ត៌មាន

ដំណឹង​ល្អ​សម្រាប់​អ្នក​ចង់​រកស៊ី​ក្នុង​វិស័យ​ទេសចរណ៍ សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ទី​២ គ្រោង​បើក​នៅ​ខេត្តព្រះសីហនុ

  • 2022-12-11 19:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ទី២ បាន​ចាប់​ផ្ដើម​សាង​សង់​នៅ​ខេត្តព្រះសីហនុ ដែលជាសាលាបណ្តុះបណ្តាលជំនាញទេសចរណ៍ដំបូងគេក្នុងតំបន់ឆ្នេរសមុទ្រ និង​មានលទ្ធភាពអាចទទួលបណ្ដុះបណ្ដាលសិស្សដែលចង់សិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍រហូតដល់៣០០នាក់ក្នុងមួយឆ្នាំ។

សាលា​ជំនាញ​ទេសចរណ៍​មួយ​នេះ បាន​ចាប់ផ្ដើម​ពិធី​ក្រុងពាលី ក្រោម​អធិបតីភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករ ដោយមានការចូលរួមពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ។ តាម​ផែនការ​ជំហានដំបូង សាលានេះអាច​នឹង​សាងសង់រួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។

បច្ចុប្បន្ន សាលាជាតិវិជ្ជាជីវៈទេសចរណ៍​នៅ​កម្ពុជា​មាន​ចំនួន ២ទីតាំង​ហើយ ដោយ​ទីតាំង​ដំបូងគេ គឺនៅរាជធានីភ្នំពេញ ១ទីតាំង និងទី២ នៅខេត្តព្រះសីហនុ នេះ។ ទាំង​ពីរ​គម្រោង មាន​កញ្ចប់​ថវិកា​សម្រាប់​ចំណាយសរុបចំនួន១១លានអឺរ៉ូ ឬស្មើនឹងជាង១២លានដុល្លារអាមេរិក ដែលជាហិរញ្ញប្ប​ទាន​ឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ ចំពោះសាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ គឺគ្រោងចំណាយថវិកាសាងសងសង់ជាង៣លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្ដម ឆាយ ឃុនឡុង អគ្គនាយករងឧស្សាហកម្មទេសចរណ៍ក្រសួងទេសចរណ៍ និងជានាយកសាលាជាតិវិជ្ជាជីវៈទេសចរណ៍ បានថ្លែងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះអាចទទួលបណ្ដុះបណ្ដាលសិស្សបាន២០០នាក់, ៣០០នាក់ រហូតដល់៤០០នាក់ ជាជំហានៗបន្ទាប់ពីសាលានេះសាងសង់រួចរាល់នៅពាក់កណ្ដាលឆ្នាំ២០២៤ខាងមុខ។

ឯកឧត្ដម ឆាយ ឃុនឡុង បានបន្តថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅខេត្តព្រះសីហនុ មានអគារចំនួន១ ផ្នែកខាងមុខមានកម្ពស់១ជាន់ និងខាងក្រោយមាន៤ជាន់ ក្នុងនោះរួមមានការិយាល័យមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បន្ទប់រៀន បន្ទប់ធ្វើការ បន្ទប់សាស្ត្រាចារ្យ បន្ទប់កុំព្យូទ័រ បន្ទប់ប្រជុំ បន្ទប់អនុវត្តគំរូសម្រាប់សេវាកម្មសណ្ឋាគារ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សេវាកម្មធ្វើដំណើរទេសចរណ៍ បណ្ណាល័យ ភោជនីយដ្ឋាន បន្ទប់សង្គ្រោះបឋម បន្ទប់ដាក់សម្ភារ ចំណតរថយន្ត និងប្រព័ន្ធការពារហានិភ័យតំបន់បៃតងជាដើម។

ឯកឧត្ដមនាយកសាលាបានបន្តទៀតថា បន្ទាប់ពីសាងសង់អគាររួចរាល់ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា២០២៤- ២០២៥ ចំនួនប្រមាណ២០០នាក់ ជាមួយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍៤ផ្នែកសំខាន់ៗ រួមមាន៖

(១) ផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន។ ក្រោយការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ នឹងផ្តល់ឱកាសដល់សិស្ស-និស្សិតដែលរស់នៅខេត្តក្នុងតំបន់ឆ្នេរសមុទ្រ (ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង) និងបណ្ដាខេត្តផ្សេងៗទៀតមកទទួលការបណ្ដុះបណ្ដាល ដើម្បីទទួលបានជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា ជាមួយសម្បទានទ្រទ្រង់ការបណ្ដុះបណ្ដាលគ្រប់គ្រាន់ និងប្រកបដោយគុណភាពដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍នៃខេត្តតាមតំបន់ឆ្នេរ ក៏ដូចជាទេសចរណ៍កម្ពុជាផងដែរ៕ ប្រភព៖ ក្រសួង​ទេចរណ៍

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម