• 2022-12-20 19:33:53
  • ព័ត៌មាន

ធ្លាប់តែឃើញនៅអាមេរិក ឥឡូវ Starbucks នាំបទពិសោធន៍ Drive-Thru ជូនអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា!

  • 2022-12-20 19:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានឈានជើងចូលទីផ្សារកម្ពុជារយៈពេល ៧ ឆ្នាំមក Starbucks ស្លាកយីហោអាជីវកម្មកាហ្វេដ៏ល្បីរបស់សហរដ្ឋអាមេរិក បានដាក់បន្ថែមបទពិសោធន៍ថ្មីក្នុងសាខាថ្មីនៅមុខផ្សារទំនើបអ៊ីអន ៣ ដែលនឹងបើកដំណើរការចាប់ពីថ្ងៃទី ២០ ធ្នូ តទៅ ហៅថា Drive-Thru ដែលអតិថិជនអាចទិញកាហ្វេ Starbucks កាន់តែងាយស្រួល និងចំណេញពេលវេលាកាន់តែច្រើន ដោយពុំបាច់ចុះពីលើយានជំនិះ។

តាមប្រសាសន៍លោក ប៉ោ លីម អគ្គនាយក Starbucks នៅកម្ពុជាបានឲ្យដឹងថា Drive-Thru ជាសេវាកម្មមួយបាននឹងកំពុងពេញនិយមភាគច្រើននៅប្រទេសអភិវឌ្ឍន៍ដូចជាអាមេរិកជាដើម។ ដោយឡែកកម្ពុជា ជាប្រទេសទី ១០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក និងលើកដំបូងនៅក្នុងស្រុកដែល Starbucks នាំយកបទពិសោធន៍ Drive-Thru នេះជូនដល់អតិថិជនរបស់ខ្លួន ខណៈប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីដទៃទៀតមិនទាន់មាននៅឡើយ ។

នេះជាគំនិតផ្ដួចផ្ដើមថ្មីរបស់ Starbucks កម្ពុជាក្រោយពីទទួលបានការគាំទ្រពីអតិថិជនរង្វង់ប្រមាណជិត ១០ឆ្នាំកន្លងមក ដែលជាបុព្វហេតុធ្វើឲ្យ Starbucks អាចពង្រីកខ្លួនបន្តបន្ទាប់ទៀតបាន។

តើអ្វីជា Drive-Thru? តាមលោក ប៉ោ លីម Drive-Thru គឺសេវាកម្មកុម្ម៉ង់កាហ្វេ ឬទំនិញផ្សេងទៀតពី Starbucks ដោយមិនចាំបាច់ចូលក្នុងហាង និងមិនសូម្បីត្រូវចុះពីយានយន្ត។ លោកបានពន្យល់ថា អតិថិជនអាចបើកចូលកុម្ម៉ង់ទំនិញបាន តាមរយៈច្រក Drive-Thru ដែល មាននៅតែសាខា Starbucks មុខផ្សារទំនើបអ៊ីអន ៣ ប៉ុណ្ណោះ ។

នៅពេល រថយន្តរបស់អតិថិជនបានបត់ចូលហាង ពួកគេនឹងឃើញច្រក Drive-Thru។ បន្តិចមកពួកគេនឹងចូលដល់កន្លែងដែលអតិថិជន អាចកុម្ម៉ង់កាហ្វេបានពីក្នុងរថយន្ត តាមរយៈប្រព័ន្ធបញ្ជូន និងទទួលសំឡេងដែលត្រូវបានរៀបចំស្រេច ។ រួចអតិថិជននឹងត្រូវបានប្រាប់ ឲ្យឆ្ពោះទៅមុខទៅកន្លែងសម្រាប់ទទួលទំនិញ ដែលចំណាយពេលសរុបតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ បន្ទាប់មកអតិថិជនអាចបញ្ជាយានយន្តចាកចេញពីទីតាំងឆ្ពោះទៅទិសដៅផ្សេងៗបានភ្លាមៗ។

សេវាកម្មថ្មីបំផុតនេះ រួមជាមួយនឹងទីតាំង Starbucks ថ្មីស្ថិតនៅក្នុងផ្សារទំនើបអ៊ីអន៣នេះ បានបើកដំណើរការផ្លូវការចាប់ពីថ្ងៃទី ២០ ធ្នូ ២០២២នេះតទៅ ដោយមានបម្រើសេវាកម្មលើមុខទំនិញចំនួន៤ធំៗ គឺកាហ្វេ តែ អាហារពេលព្រឹក និងថ្ងៃត្រង់ គ្រាប់កាហ្វេ និងវត្ថុអនុវស្សាវរីយ៍ជាច្រើនទៀត។ លោក ប៉ោ លីម បញ្ជាក់ថា ដើម្បីអបអរការដំណើរការសាខា Drive-Thru ថ្មីនេះ Starbucks បានត្រៀមកាដូដបទឹក មានរចនាទម្រង់សិល្បៈខ្មែរចំនួន ៤០០កែវ សម្រាប់អតិថិជន ៤០០ នាក់ដំបូងដែលមកបញ្ជាទិញភេសជ្ជៈទំហំ កណ្តាលឡើងទៅតាមច្រក Drive-Thru នៅថ្ងៃទី ២០ ខែធ្នូនេះ ។

Starbucks ជាស្លាកយីហោរបស់អាមេរិក ដែលបាន និងកំពុងដំណើរនៅប្រទេសចំនួន ៨៤ទូទាំងពិភពលោក។ នៅកម្ពុជា Starbucks ត្រៀមនឹងប្រារព្ធខួប ៧ឆ្នាំរបស់ខ្លួននៅថ្ងៃទី ២២ ធ្នូ ២០២២ខាងមុខ។ ត្រឹមឆ្នាំ ២០២២ Starbucks មានសាខាសរុបចំនួន ៣៦ នៅរាជធានីភ្នំពេញ សៀមរាប បាត់ដំបង ព្រះសីហនុ និងកំពុងសាងសង់សាខាបន្ថែមទៀតនាពេលអនាគត ។

តាមលោក ប៉ោ លីម Starbucks នឹងដំណើរទីតាំងថ្មីបន្ថែមទៀតក្នុងពេលខាងមុខ ហើយ លោកសូមថ្លែងអំណរគុណអតិថិជនចំពោះការគាំទ្រ ដែលអាចឲ្យ Starbucks អាចដើរមកដល់ថ្ងៃនេះ និង សូមអរគុណចំពោះរាជរដ្ឋាភិបាល សម្រាប់យន្តការបន្ធូរបន្ថយពន្ធលើអាជីវកម្មផ្នែកទេសចរណ៍ និងភេសជ្ជៈ ដែលធ្វើឲ្យ Starbucks នៅតែអាចដំណើរបាន ផ្ដល់ឱកាសការងារដល់យុវជនកម្ពុជាជាច្រើន អំឡុងពេលរងគ្រោះដោយកូវីដ១៩កន្លងមក។ លោកថា Starbucks មានមហិច្ឆតាពង្រីកសាខាច្រើនទៀតនៅបណ្ដាឆ្នាំខាងមុខ៕

មតិយោបល់
អត្ថបទពេញនិយម